លី ម៉ាត់ណូ “៖ខ្ញុំចង់ជួយភ្នំពេញហ្គាឡាក់ស៊ីក្នុងពានសម្ដេចតេជោយូរឆ្នាំថែមទៀត”

21 Feb 2021 13:09

821

Share :


ក្រោយរកបាន២គ្រាប់ម្នាក់ឯងសម្រាប់ភ្នំពេញហ្គាឡាក់ស៊ី ខ្សែប្រយុទ្ធ លី ម៉ាត់ណូ បង្ហើបថា មានបំណងបន្តជួយក្រុមនេះប្រកួតប្រជែងក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាន់តែយូរឆ្នាំថែមទៀត។

អតីតកីឡាករវេស្ទើនភ្នំពេញរូបនេះបានចូលរួមជាមួយក្រុមមានមូលដ្ឋាននៅស្រុកពញាឮខេត្តកណ្ដាលតាំងពីឆ្នាំ២០១៥-២០១៦ម្ល៉េះ ព្រោះកីឡាករភាគច្រើនសុទ្ធតែជាអ្នកភូមិគេផ្ទាល់ ដូច្នេះធ្វើឲ្យការយល់ចិត្តគ្នាល្អ ហើយឆន្ទៈក៏មានខ្ពស់ថែមទៀត។

ខ្សែប្រយុទ្ធវ័យក្មេងខាងលើថ្លែងបែបនេះ “៖ខ្ញុំលេងឲ្យភ្នំពេញហ្គាឡាក់ស៊ីច្រើនឆ្នាំហើយតាំងពី២០១៥-២០១៦មក។ បើក្រុមនៅតែដាក់លេងពានសម្ដេច គឺខ្ញុំចង់ជួយរាល់ឆ្នាំ។ ណាមួយបងប្អូនច្រើនដែរក្នុងក្រុម និងគ្នាដែលធ្លាប់លេងសប្បាយៗជាមួយគ្នា អ៊ីចឹងក៏សម្រេចចិត្តចូលរួមជួយលេងទៅ។ ពាក់ព័ន្ធនឹងគោលដៅក្នុងក្រុមវិញ អត់ទាន់អាចកំណត់បានទេ តែអ្វីសំខាន់នោះយើងនឹងប្រឹងប្រែងអស់ពីលទ្ធភាពទាំងអស់គ្នា។”

គួរដឹងដែរថា លី ម៉ាត់ណូ បានឃ្លាតពីបាល់ទាត់អាជីពតាំងពីឆ្នាំ២០១៨ម្ល៉េះដែលចុងក្រោយបង្អស់គេមានវត្តមាននៅក្លិបវេស្ទើនភ្នំពេញ។ គេក៏ធ្លាប់ជាប់ជម្រើសជាតិអាយុក្រោម១៣ឆ្នាំកាលឆ្នាំ២០១១ថែមទៀត។ 

បន្ទាប់ពីផ្អាកពីបាល់ទាត់អាជីពដោយសាររវល់ការងារផ្ទាល់ខ្លួន កីឡាករវ័យ២៣ឆ្នាំបានលេងឲ្យក្រុមស្ម័គ្រចិត្តមួយចំនួនដើម្បីបន្តភ្ជាប់ខ្លួនក្នុងកីឡា។ 

គួរបញ្ជាក់ថា ភ្នំពេញហ្គាឡាក់ស៊ីបានចូលរួមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកដំបូង ក្នុងឆ្នាំ២០២១នេះ។ ក្នុងការប្រកួតបើកឆាកដំណាក់កាលថ្នាក់ខេត្ត ពួកគេបានស្មើ២ទល់នឹង២ជាមួយក្រុមកំពង់ស្ពឺ ហើយលី ម៉ាត់ណូ រកបាន២គ្រាប់ម្នាក់ឯង និងជាប់ជាកីឡាករល្អប្រចាំការប្រកួត៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania