លោក មាស ចាន់ណា បញ្ជាក់ស្ថានភាពរបួសរបស់ស៊ូ យ៉ាទី

25 Feb 2021 07:56

926

Share :


លោក មាស ចាន់ណា គ្រូបង្គោលក្លិបណាហ្គាវើលដ៍ឲ្យដឹងថា អ្នកចាំទី ស៊ូ យ៉ាទី មានបញ្ហារបួសសាច់ដុំអំឡុងការប្រកួតមិត្តភាពជាមួយព្រៃវែងអេហ្វស៊ី តែថា មិនខ្លាំងពេកឡើយ ហើយគិតមកទល់ពេលនេះ គឺជិត២សប្ដាហ៍ហើយដែរ។

គ្រូបង្វឹកក្រុមជើងឯក Metfone Cambodian League ៣សម័យថ្លែងថា កីឡាករជម្រើសជាតិកម្ពុជាខាងលើនឹងជាទាន់ការប្រកួតបើកឆាកក្របខណ្ឌកំពូលរដូវកាល២០២១ខាងមុខដែលណាហ្គាវើលដ៍ត្រូវប៉ះក្រុមការពារតំណែងជើងឯក២០២០ បឹងកេត។

លោក មាស ចាន់ណា លម្អិតបែបនេះ “៖របួសរបស់គេកើតឡើងពេលប្រកួតសមជើងជាមួយព្រៃវែង ជិត២សប្ដាហ៍ហើយ។ ស្ថានភាពរបស់គេមិនធ្ងន់ខ្លាំងពេកទេ ហើយគេប្រាកដជាជាទាន់សម្រាប់ការប្រកួតបើកឆាកជាមួយបឹងកេត។”

ដោយឡែក ណាហ្គាវើលដ៍ក៏នៅមានអ្នកចាំទី២រូបទៀត គឺកីឡាករសម្បូរបទពិសោធ សំរិត សីហា និងសាន ឧសភា។

គួររំឭកថា រដូវកាល២០២០កន្លងទៅ ណាហ្គាវើលដ៍បញ្ចប់នៅចំណាត់ថ្នាក់លេខ៦នៃក្របខណ្ឌ Metfone Cambodian League និងលេខ២ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ដោយចាញ់វិសាខាក្នុងវគ្គផ្ដាច់ព្រ័ត្រ។

សម្រាប់រដូវកាល២០២១នេះ ក្រុមលោក មាស ចាន់ណា បាននាំចូលកីឡាករថ្មីយ៉ាងច្រើនដើម្បីពង្រឹងក្រុម ដែលក្នុងនោះមានទាំងកីឡាករក្នុងស្រុក និងបរទេស៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania