លោក Conor ប្រាប់មូលហេតុមិនយកខ្សែការពារបរទេសបន្ថែមក្រោយ Barrett ចាកចេញ

26 Feb 2021 14:28

2191

Share :


ព្រះខ័នរាជស្វាយរៀងបានសម្រេចផ្ទេរយកខ្សែប្រយុទ្ធ Robert Lopez Mendy បង្គ្រប់កូតាបរទេសក្រោយការចាកចេញរបស់ខ្សែការពារ Paddy Barrett ដែលវិលទៅប្រកបអាជីពនៅប្រទេសកំណើតសាធារណរដ្ឋអៀរឡង់វិញ។

ឆ្លើយតបទៅនឹងសំណួរថាតើហេតុអ្វីមិនយកកីឡាករបរទេសដែលលេងតួនាទីជាខ្សែការពារដូច Paddy Barrett តែបែរជាយកខ្សែប្រយុទ្ធវិញ លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀងឲ្យដឹងថា កូនក្រុមក្នុងស្រុករបស់លោកមានអ្នកលេងតួនាទីការពារច្រើនហើយ។

គ្រូបង្វឹកក្រុមជើងឯករង MCL 2020 ពន្យល់ “វាជាការពិតដែលយើងបានបាត់បង់ខ្សែការពារប៉ុន្តែយើងមានជម្រើសការពារច្រើនណាស់ក្នុងក្លិបយើង។ យើងមានខ្សែការពារ៨នាក់បានចុះបញ្ជី ហើយប្រហែលជា៣នាក់ទៀតដែលអាចលេងការពារបាន ប្រសិនបើយើងត្រូវការ។ វាក៏គួរឱ្យកត់សម្គាល់ផងដែរចំពោះក្រុមដែលមានកំណត់ត្រាការពារល្អបំផុតនៅឆ្នាំ ២០២០ គឺក្រុមភ្នំពេញក្រោន ដែលមានខ្សែការពារខ្មែរទាំងអស់។ ដូច្នេះខ្ញុំក៏មានទំនុកចិត្តទាំងស្រុងលើភាពខ្លាំងរបស់ក្រុមយើង។”

គួរដឹងដែរថា ខ្សែការពារ Paddy Barrett បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀងកាលដើមខែមករា ឆ្នាំ២០២១ តែត្រូវបានប្រកាសចាកចេញនៅដើមសប្ដាហ៍នេះវិញ ដោយផ្ទេរទៅក្លិប St. Patrick’s Athletics នៃក្របខណ្ឌកំពូលសាធារណរដ្ឋអៀរឡង់។ 

កីឡាករធ្លាប់ប្រកបអាជីពនៅសហរដ្ឋអាមេរិកខាងលើត្រូវបានជំនួសដោយខ្សែប្រយុទ្ធជនជាតិសេណេហ្គាល់ Robert Lopez Mendy ដែលទើបចាកចេញពីក្លិបជើងឯកក្របខណ្ឌកំពូលហ្វីលីពីន United City FC (អតីតក្លិប Ceres Negros)៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania