គ្រូភ្នំពេញក្រោនសរសើរ សេង សារ៉ាវុធ ក្រោយលេងក្នុងជម្រើស១១នាក់លើកដំបូង
30 Aug 2019 12:34 113

ខ្សែប្រយុទ្ធកូនកាត់ខ្មែរ-ថៃ សេង សារ៉ាវុធ កាលពីអាទិត្យទី១៨ខែសីហាឆ្នាំ២០១៩ ត្រូវបានលោក ស៊ុំ វណ្ណា គ្រូបង្គោលស្ដីទីភ្នំពេញក្រោន ដាក់ឱ្យលេងក្នុងជម្រើស១១នាក់ដំបូងជាលើកទី១ក្នុងក្របខ័ណ្ឌ Metfone Cambodian League សប្ដាហ៍ទី២០ទល់នឹង នគរបាលជាតិ។

 

 

សារ៉ាវុធ ដែលមានឈ្មោះថៃថា Abey Ayuthaya បានលេងស្ទើរពេញការប្រកួតដែលភ្នំពេញក្រោនបានឈ្នះ៣-២នោះ មុនត្រូវបានប្ដូរចេញនៅចុងវគ្គទី២។  កីឡាករដែលកើតនិងរស់នៅប្រទេសបារាំងរូបនេះមានឱកាសស៊ុតសំដៅទីក្រុមនគរបាលជាតិខ្លះៗដែរ តែមិនបានជោគជ័យ។ ទោះបែបនេះក្ដី លោក វណ្ណា បានផ្ដល់ការសរសើរដល់រូបគេចំពោះការបង្ហាញសមត្ថភាពលើកនេះ ថ្វីបើនៅមានចំណុចខ្វះខាតមួយចំនួនត្រូវកែលម្អបន្ថែម។

 

 

លោក វណ្ណា ពន្យល់ថា៖ «អាបេ (សេង សារ៉ាវុធ) ធ្វើបានល្អច្រើនតាមអ្វីដែលយើងបានប្រាប់គាត់។ តែគាត់ត្រូវការស្វែងយល់បន្ថែមទៀតអ្វីទៅជា transition play, អ្វីជា counter, អ្វីទៅហៅថា switch play, supporting play ជាដើម។ គាត់នៅស្ទើរបទពិសោធលើទីលាន។ បើគាត់នៅក្នុងក្រុមយើងយូរ គាត់នឹងរីកចម្រើនច្រើននៅឆ្នាំក្រោយៗ»។

 

 

គួរជម្រាបថា សារ៉ាវុធ បានចូលលេងឱ្យភ្នំពេញក្រោនលើកដំបូងបង្អស់ពេលឈ្នះក្រុមខេត្តកំពង់ចាម១០-០ក្នុងជើងទី១វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន កាលពីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៩ ដោយចូលលេងនៅចុងវគ្គទី២។ ឯកាលពីចុងសប្ដាហ៍កន្លងទៅនេះ ជាលើកទី១ដែលគេបានជាប់ក្នុងជម្រើស១១នាក់ដំបូងក្នុងក្របខ័ណ្ឌ Metfone Cambodian League៕

 

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania