អ្នកចាត់ការរតនគិរី “៖ប៉ះព្រះវិហារ យើងនឹងអាចធ្វើបានល្អ”
03 Mar 2021 09:08 574

លោក អ៊ួន ឧត្តម អ្នកចាត់ការក្រុមបាល់ទាត់ខេត្តរតនគិរីជឿជាក់ថា ក្រុមរបស់លោកនឹងអាចធ្វើបានល្អក្នុងការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត តទល់ក្រុមខេត្តព្រះវិហារ នៅថ្ងៃពុធ ទី០៣ ខែមីនា នេះ។

ធ្វើបានល្អដោយសារតែនេះជាការប្រកួតក្នុងដីដែលធ្វើឲ្យសមាជិកក្រុមដំរីឦសានមានទំនុកចិត្តខ្ពស់។នេះជាការអះអាងរបស់លោក អ៊ួន ឧត្តម។ លោកថា កីឡាករគ្រប់រូបត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ជ័យជម្នះលើកដំបូងប្រចាំពូល “ច”។

អ្នកចាត់ការក្រុមខាងលើអះអាងបែបនេះ “៖ក្នុងការជួបជាមួយព្រះវិហារ ពួកយើងនឹងធ្វើបានល្អក្នុងនាមជាម្ចាស់ផ្ទះ។ តាមពិតទៅ បើនិយាយពីក្រុមរតនគិរី និងខេត្តព្រះវិហារ មានសមត្ថភាពបច្ចេកទេសប្រហាក់ប្រហែល ហើយគុណភាពកីឡាករក៏ប្រហាក់ប្រហែលគ្នាដែរ។ ប៉ុន្តែបើនិយាយរឿងមានប្រៀប យើងអាចមានប្រៀបក្នុងនាមជាម្ចាស់ផ្ទះ អ៊ីចឹងខ្ញុំសង្ឃឹមថា យើងនឹងអាចធ្វើបានល្អ។”

យ៉ាងណា លោក អ៊ួន ឧត្តម ទទួលស្គាល់ក្រុមរបស់លោកនៅមានចំណុចខ្វះខាតខ្លះ ជាពិសេសការយល់ចិត្តក្នុងក្រុម ព្រោះទើបប្រមូលផ្ដុំហ្វឹកហាត់មុនការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តចូលមកដល់។ បើប្រៀបជាមួយក្រុមកំពូលតារាងត្បូងឃ្មុំវិញ គឺគូប្រជែងមួយនេះមានបទពិសោធច្រើន ព្រោះបានចូលរួមប្រកួតលីគទី២ទៀតផង។

គួរដឹងដែរថា រតនគិរី និងព្រះវិហារ បើកឆាកវគ្គចែកពូល ដោយបានលទ្ធផលមិនល្អដូចគ្នា ពោលក្រុមទាំង២សុទ្ធបានតែទទួលបរាជ័យក្រោមថ្វីជើងក្រុមកំពូលតារាងត្បូងឃ្មុំ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania