រដូវកាលនេះ ក្រុមកំពង់ឆ្នាំងផ្លាស់ប្ដូរកីឡាករច្រើនជាងមុន
05 Mar 2021 12:00 381

លោក ទាំ ម៉ាត់ គ្រូបង្គោលក្រុមខេត្តកំពង់ឆ្នាំងឲ្យដឹងថា ក្រុមរបស់លោកបានផ្លាស់ប្ដូរសមាសភាពកីឡាករដល់ទៅជាង៦០ភាគរយក្នុងការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល២០២១នេះ បើធៀបទៅឆ្នាំមុន។

ផ្លាស់ប្ដូរច្រើនដោយសារតែកីឡាករជាច្រើនក្នុងរដូវកាល២០២០មិនបានចូលរួម ហើយកូនក្រុមមួយចំនួនទៀតនៅស្រុកឆ្ងាយៗពីទីរួមខេត្ត ពោលឆ្នាំនេះមិនបានចម្រាញ់ទូទាំងកំពង់ឆ្នាំងដូចមុន នេះបើតាមការសង្កត់ធ្ងន់ពីលោក ទាំ ម៉ាត់។

គ្រូបង្វឹកខាងលើលម្អិតបែបនេះ “៖ក្នុងសមាសភាពក្រុមប្រែប្រួល៦៥ភាគរយ ដោយសារអ្នកចាស់អត់មានពេលចូលរួមជាមួយយើង។ កាលមុនយើងយកកីឡាករមហាជនចម្រុះគ្នា មានស្រុកផ្សេងៗអ៊ីចឹងទៅ តែឆ្នាំនេះអត់បានចូលរួម ជាប់ការងារផ្សេង។ កីឡាករបច្ចុប្បន្នស្ថិតក្នុងស្រុកកំពង់ត្រឡាច សាមគ្គីមានជ័យ និយាយរួម៣ស្រុក អត់បានក្ដោបទូទាំងខេត្ត។ ក្រុមបច្ចុប្បន្នភាគច្រើនជាអ្នកធ្វើការរោងចក្រ ដោយមានការទ្រទ្រង់ពីរោងចក្រគាត់ ហើយសល់ម៉ោងពីធ្វើការ ពួកគាត់មកចូលរួមហាត់។”

ទាក់ទងទៅនឹងការលេងរបស់ក្រុមវិញ លោក ទាំ ម៉ាត់ ឲ្យដឹងថា មានភាពល្អប្រសើរជាងឆ្នាំមុនក្នុងតំបន់កណ្ដាល តែសម្រាប់ការបញ្ចប់ទីវិញ ហាក់នៅខ្វះខាត ដោយសារតែមិនបានហ្វឹកហាត់លើទីលានស្ដង់ដារដូចវិទ្យាល័យកំពង់ត្រឡាច។ លោកថា ពិតជាពិបាករកទីលានល្អបែបនេះក្នុងខេត្តរបស់លោក។

គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួត៣លើកប្រចាំពូល “ក” កំពង់ឆ្នាំងមាន៤ពិន្ទុពីជ័យជម្នះមួយលើក, ស្មើមួយលើក និងចាញ់មួយលើក។ ប្រកួតចុងក្រោយពួកគេស្មើភ្នំពេញហ្គាឡាក់ស៊ី២ទល់នឹង២។ រដូវកាលមុន ក្រុមលោក ទាំ ម៉ាត់ បានឡើងដល់វគ្គ៨ក្រុមថ្នាក់ខេត្ត តែត្រូវបានទម្លាក់ដោយក្រុមខេត្តកែប៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania