ទោះមិនទាន់ទទួលបានពិន្ទុនៅឡើយពីការប្រកួត៣លើកកន្លងមកប្រចាំពូល “ក”នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២១ លោក សោរ រដ្ឋា លេខាធិការរងក្រុមបាល់ទាត់រដ្ឋបាលខេត្តតាកែវបានមើលឃើញពីចំណុចរីកចម្រើន ជាពិសេសក្នុងការប្រកួតចុងក្រោយ ជុំទីមួយ។
ថ្នាក់ដឹកនាំក្រុមខាងលើសង្កត់ធ្ងន់ថា កូនក្រុមសហការគ្នាបានល្អ និងមានឱកាសច្រើនក្នុងការប្រកួតតទល់ក្រុមកំពង់ស្ពឺ បើប្រៀបធៀបទៅនឹងការប្រកួត២លើកមុនតទល់កំពង់ឆ្នាំង និងភ្នំពេញហ្គាឡាក់ស៊ី។ លោករំពឹងថា ការប្រកួតក្រោយៗ កូនក្រុមនឹងអាចធ្វើបានកាន់តែល្អប្រសើរ។
លោក សោរ រដ្ឋា រៀបរាប់ “៖យើងមានឱកាសច្រើនក្នុងការប្រកួតចុងក្រោយលើសាច់បាល់លេង តែអត់មានសំណាងល្អក្នុងការរកគ្រាប់បាល់បញ្ចូលទី។ យើងសហការគ្នាបានល្អជាង២ប្រកួតមុន។ បើនិយាយពីគ្រាប់បាល់មួយគ្រាប់ដែលរបូត ដោយសារតែខុសបច្ចេកទេស។ យើងបញ្ជូនបាល់មិនបានល្អ អ៊ីចឹងខាងគេឆក់បាន ហើយវាយបកវិញ។ ខ្ញុំសរសើរកូនក្រុមរបស់ខ្ញុំធ្វើបានល្អជាងប្រកួតមុនៗឆ្ងាយ ហើយសង្ឃឹមថា ប្រកួតក្រោយៗនឹងល្អជាងនេះទៀត។”
គួរដឹងដែរថា ក្រុមរដ្ឋបាលខេត្តតាកែវមិនទាន់មានពិន្ទុនៅឡើយទេ ដោយ៣ប្រកួតជុំទីមួយ ចាញ់ទាំងអស់តែម្ដង។ ប្រកួតចុងក្រោយកាលថ្ងៃពុធ ទី០៣ ខែមីនា ពួកគេចាញ់កំពង់ស្ពឺ០ទល់នឹង១។
សរុបពិន្ទុពីការប្រកួតជុំទីមួយ ប្រចាំពូល “ក” កំពង់ស្ពឺមាន៧ពិន្ទុ ដោយឈ្នះ២ ស្មើមួយ ខណៈភ្នំពេញហ្គាឡាក់ស៊ី មាន៥ពិន្ទុ ពីការឈ្នះមួយលើក និងស្មើ២លើក។ ចំណែកកំពង់ឆ្នាំង ឈ្នះមួយ ស្មើមួយ និងចាញ់មួយ មាន៤ពិន្ទុ៕
អត្ថបទ៖ CNCC