គ្រូសូលទីឡូអង្គរមិនបារម្ភពីកីឡាកររបស់ភ្នំពេញក្រោនរូបនេះទេ

06 Mar 2021 09:58

1390

Share :


លោក Darren Pomroy គ្រូបង្គោលក្លិបសូលទីឡូអង្គរអះអាងថា មិនបារម្ភពីខ្សែប្រយុទ្ធ Matheus Da Silva របស់ភ្នំពេញក្រោនឡើយ ខណៈក្រុមទាំង២នឹងត្រូវប៉ះគ្នាក្នុងការប្រកួតបើកឆាកក្របខណ្ឌ Metfone Cambodian League រដូវកាល២០២១ នៅថ្ងៃសៅរ៍ ទី០៦ ខែមីនា នាកីឡដ្ឋាន SRU។ 

Da Silva ធ្លាប់ជាកីឡាករឆ្នើមមួយរូបនៅសូលទីឡូអង្គរជាទីរូបគេចំណាយពេលមួយរដូវកាលនៅឆ្នាំ២០២០ និងរកបាន១៣គ្រាប់ក្នុងក្របខណ្ឌ MCL មុនផ្លាស់ទៅភ្នំពេញក្រោនដើមរដូវកាលថ្មីនេះ។ យ៉ាងណា លោក Pomroy ដែលទើបវិលទៅកាន់តំណែងគ្រូបង្គោលក្រុមមានមូលដ្ឋាននៅសៀមរាបសង្កត់ធ្ងន់ថា អ្វីដែលលោកគិតគូរខ្លាំងនោះគឺការលេងរបស់កូនក្រុមខ្លួន មិនមែនកីឡាករក្រុមផ្សេងទេ។

គ្រូបង្វឹកជនជាតិអង់គ្លេសថ្លែងបែបនេះ “៖ Matheus ជាកីឡាករអស្ចារ្យម្នាក់។ គេពិតជាល្អខ្លាំងណាស់។ យ៉ាងណាក៏ដោយ ខ្ញុំមិនដែលខ្វាយខ្វល់ពីកីឡាករក្រុមគូប្រជែងទេ។ អ្វីដែលខ្ញុំផ្ដោតខ្លាំងនោះ គុណភាពក្រុម និងការលេងរបស់កូនក្រុមយើង។ រដូវកាលនេះយើងផ្ដោតសំខាន់លើការអភិវឌ្ឍ។ កីឡាករក្នុងស្រុករបស់យើងក្មេងៗច្រើន តែពួកគេសុទ្ធតែស្រេកឃ្លានជ័យជម្នះ ហើយទាំងខ្មែរ និងបរទេសសុទ្ធសឹងតែប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង។”

គ្រូបង្វឹកកាន់ UEFA A-License ដដែលឲ្យដឹងបន្ថែមថា ពិតជាមានអារម្មណ៍រំភើបជាងពេលណាៗទាំងអស់សម្រាប់រដូវកាលថ្មីនេះ ជាពិសេសបានជួបក្រុមធំនៅថ្ងៃបើកឆាកបែបនេះ។ ប៉ុន្តែលោកក៏ស្ដាយដែរដែលទស្សនិកជនមិនអាចចូលទស្សនាផ្ទាល់ដល់ទីលាន ដោយសារបញ្ហាជំងឺកូវីដ១៩។ 

គួរដឹងដែរថា លោក Darren Pomroy ដែលធ្លាប់ដឹកនាំសូលទីឡូអង្គរក្នុងរដូវកាល២០១៩បានចូលមកកាន់តំណែងគ្រូបង្គោលក្រុមដដែលនេះជាថ្មីសម្រាប់រដូវកាល២០២១។ ក្រុមលោកក៏បាននាំចូលកីឡាករបរទេសថ្មី ដោយមានជប៉ុន៣រូប និងកាមេរូនម្នាក់ បូករួមទាំងកូនក្រុមក្នុងស្រុកថ្មីៗមួយចំនួនទៀត៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania