លោក អ៊ុង កនយ៉ានិត ប្រាប់ចំណុចខ្វះខាតក្នុងប្រកួតបើកឆាក MCL 2021 របស់ប៉ូលិស

08 Mar 2021 09:34

602

Share :


ការប្រតិកម្មរកបាល់មិនបានលឿន, ការសហការមិនសូវបានល្អ និងការប្រឹងប្រែងលើសកម្រិត គឺជាចំណុចដែលត្រូវកែតម្រូវសម្រាប់ក្រុមនគរបាលជាតិ។ នេះជាការលើកឡើងរបស់គ្រូបង្គោល អ៊ុង កនយ៉ានិត ក្រោយចាញ់អគ្គិសនីកម្ពុជា៣ទល់នឹង២ ថ្ងៃបើកឆាក Metfone Cambodian League 2021 កាលថ្ងៃសៅរ៍ ទី០៦ ខែមីនា។

គ្រូបង្វឹកតំណាងនគរបាលជាតិពន្យល់បែបនេះ “៖បើតាមការសង្កេតឃើញ កីឡាករទាំងអស់ប្រឹងពេក ពេលមានបាល់មើលទៅលើពេក អត់បានរៀបចំល្អពីក្រោម និងអត់បានមើលទុកមុន។ អ៊ីចឹងពេលបានបាល់ប្រញាប់មើលទៅលើ វាខូច អាហ្នឹងជាបញ្ហា។ អ្វីសំខាន់មួយទៀត ពួកគាត់ប្រឹងប្រែងខ្លាំងពេក។ ការគិតរបស់គាត់អត់បានល្អទេ។ តំបន់កណ្ដាលយើងប្រតិកម្មទៅរកបាល់យឺត។ ពេលមានបាល់ ការសហការគ្នាមិនបានល្អតាមស្ថានភាព។ ជារឿងដ៏ស្ដាយមួយ យើងសង្ឃឹមថា ប្រកួតខាងមុខនឹងប្រសើរជាងនេះ។”

ជាមួយគ្នានេះ អតីតគ្រូជំនួយជម្រើសជាតិកម្ពុជាក៏បានសរសើរក្រុមអគ្គិសនីកម្ពុជាដែលលេងបានយ៉ាងល្អ និងមានសំណាងល្អជាងក្រុមរបស់លោក។

លោក អ៊ុង កនយ៉ានិត បន្ថែម “៖ក្រុមអគ្គិសនីធ្វើបានល្អលើការដាក់សម្ពាធ (High Pressing) ហើយបូករួមទាំងសំណាងល្អលើក្រុមគាត់ ដែលពួកគាត់មានឱកាស៣ដងទាត់ពីចម្ងាយ គឺជាគ្រាប់បាល់ល្អៗ ធ្វើឲ្យក្រុមយើងសង្គ្រោះមិនបាន អាហ្នឹងពាក់ព័ន្ធនឹងតំបន់កណ្ដាលដែលយើងប្រតិកម្មយឺត។”

នេះក៏ជាបរាជ័យក្នុងប្រកួតដំបូងសម្រាប់លោក អ៊ុង កនយ៉ានិត ដែលបានវិលចូលបង្វឹកក្រុមនគរបាលជាតិនៅរដូវកាល២០២១ ក្រោយចាកចេញជិត៥ឆ្នាំ។ 

ក្នុងការដឹកនាំក្រុមលើកទីមួយពីចន្លោះឆ្នាំ២០១១ដល់២០១៦ គ្រូបង្វឹកកាន់ A-License រូបនេះជួយក្រុមឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល២០១៤៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania