ទេព ឡុងរចនា ៖ ច្រឹង ពលរដ្ឋ ត្រូវពង្រឹងកាយសម្បទាបន្ថែមទៀតដើម្បីឲ្យល្អដូចដើម
02 Sep 2019 17:00 1321

លោក ទេព ឡុងរចនា អ្នកចាត់ការក្លិបក្រសួងការពារជាតិ មើលឃើញថា ដើម្បីវិលទៅកាន់ភាពល្អដូចពីមុនវិញ ខ្សែបម្រើ ច្រឹង ពលរដ្ឋ ត្រូវផ្ដោតលើការពង្រឹងកាយសម្បទាឲ្យមាំទាំបន្ថែម ខណៈបច្ចុប្បន្នគេអាចលេងដូចដើមទើបបាន៦០ភាគរយប៉ុណ្ណោះ។ 

ថ្នាក់ដឹកនាំក្រុមមានមូលដ្ឋាននៅកីឡដ្ឋានខេមរភូមិន្ទសង្កត់ធ្ងន់ថាបច្ចេកទេសរបស់គេគ្មានអ្វីចោទពេកទេតែសំខាន់គឺយកចិត្តទុកដាក់លើកាយសម្បទា ព្រោះជាកត្តាជួយច្រើនដល់សមត្ថភាព។

អ្នកចាត់ការធ្លាប់ដឹកនាំទ័ពឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១០ និង២០១៦ពន្យល់ ៖”ពលរដ្ឋទើបឈានបាន៦០ភាគរយទេ ព្រោះគាត់ខានហ្វឹកហាត់យូរដែរពេលមានរបួសហ្នឹង។ ដូចខ្ញុំនិយាយចឹងកាយសម្បទាត្រូវតែរឹងមាំ ព្រោះវាជួយដល់បច្ចេកទេស។ ពេលណាយើងបាត់បង់ថាមពលហ្នឹងទៅ វាមិនបានបម្រើដល់ផលប្រយោជន៍បច្ចេកទេសបានទេ ព្រោះបច្ចេកទេសពឹងទៅលើកម្លាំង។ បើមានបច្ចេទេសតែអត់កម្លាំង ទៅមិនរួចដដែល”។

លោក ទេព ឡុងរចនា បញ្ជាក់ថា ច្រឹង ពលរដ្ឋ ប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងជារៀងរាល់ថ្ងៃដើម្បីឈានទៅដល់កម្រិតដូចដើម១០០ភាគរយឆាប់ៗ។

គួរដឹងដែរថា ច្រឹង ពលរដ្ឋ មានបញ្ហាសរសៃពួរជង្គង់យូរក្រែលមកហើយ ធ្វើឲ្យគេខកខានឱកាសលេងនៅក្លិប Buriram United នៃក្របខណ្ឌកំពូលថៃ។ កីឡាករវ័យ២២ឆ្នាំបានបង្ហាញខ្លួននៅការពារជាតិសាជាថ្មី រដូវកាល២០១៩នេះ តែមិនសូវទៀងទាត់ប៉ុន្មានទេ៕

 

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania