ព្រះខ័នរាជស្វាយរៀងឈ្នះអគ្គិសនីយក៣ពិន្ទុក្នុងប្រកួតដំបូងរបស់ខ្លួននៅ MCL 2021

13 Mar 2021 20:43

471

Share :


ក្រុមរងជើងឯកឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀងទទួលបាន៣ពិន្ទុពេញក្នុងការប្រកួតដំបូងរបស់ខ្លួនក្នុងក្របខណ្ឌ Metfone Cambodian League 2021 ដោយបានយកឈ្នះអគ្គិសនីកម្ពុជា ៦ទល់នឹង១ នៅថ្ងៃសៅរ៍ ទី១៣ ខែមីនា នាកីឡដ្ឋានខេត្តស្វាយរៀង។

ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងបានបើកការនាំមុខមុនតាំងពីនាទីទី០៧ តាមរយៈបាល់ហ្វ្រីឃីកយ៉ាងល្អរបស់ប្រធានក្រុម សឿយ វិសាល។
ដល់នាទី១៩ ខ្សែប្រយុទ្ធថ្មី Miguel Angel Junco Martinez តែតបញ្ចូលទី បន្ទាប់ពីការបញ្ជូនដោយ Privat Mbarga។ 

១០នាទីក្រោយមក អ្នកចាំទី ឈិន ឆៃនុត របស់អគ្គិសនីកម្ពុជាបានព្យាយាមសង្គ្រោះបាល់២លើកដែរ ពីការទាត់ដោយ Privat និង ប្រាក់ មុន្នីឧត្តម។ យ៉ាងណា ការទាត់បន្ថែមមួយជើងទៀតរបស់ឧត្តម បានក្លាយជាគ្រាប់ទី៣ របស់ព្រះខ័នរាជស្វាយរៀងបានសម្រេច។

រំលងបានតែ២នាទីប៉ុណ្ណោះ Mika បានទាត់បាល់ពិន័យយ៉ាងលឿនទៅឲ្យ Privat ទាត់បញ្ចូលទីគ្រាប់ទី៤សម្រាប់ក្រុមលោក Conor Nestor។ ៤នាទីបន្ទាប់ សារ ទី របស់អគ្គិសនីកម្ពុជា ទាត់បញ្ចូលទីពីក្រៅប្រអប់អ្នកចាំទី បានមួយគ្រាប់មកវិញ។ 
ចប់វគ្គទីមួយ ព្រះខ័នរាជស្វាយរៀង នាំមុខអគ្គិសនីកម្ពុជា៤ទល់នឹង១។
ចូលដល់វគ្គទី២ នាទី៦៧ Privat បញ្ជូនពីខាងស្ដាំឲ្យ Miguel Angel Junco Martinez ឬ Mika ទាត់គ្រាប់ទី៥ សម្រាប់ស្វាយរៀង និងជាគ្រាប់ទី២ របស់គេ។ 

នាទី៩០+១ទៅហើយ Privat ទាញផុតប្រធានក្រុមអគ្គិសនី ឈឿង វិស៊ីនុ ហើយបន្តទាត់ផុតដៃ ឈិន ឆៃនុត បន្ថែមគ្រាប់ទី៦។ 
នេះជាការប្រកួតលើកទី២ហើយសម្រាប់អគ្គិសនីកម្ពុជាដែលបានយកឈ្នះនគរបាលជាតិ៣ទល់នឹង២ក្នុងប្រកួតដំបូង កាលសប្ដាហ៍មុន។
គួរបញ្ជាក់ថា សប្ដាហ៍ទី២នេះការប្រកួតមានតែ២គូប៉ុណ្ណោះ ដោយសារមានការលើកពេល៤ប្រកួតផ្សេងៗទៀត។ 

ការប្រកួតមួយគូទៀតដែលនៅ គឺនៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ដែលអង្គរថាយហ្គឺរទទួលភ្ញៀវគិរីវង់សុខសែនជ័យ វេលាម៉ោង៣និង៣០នាទីរសៀល នាកីឡដ្ឋាន SRU៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania