Bata ទាត់ចុងម៉ោងឲ្យទ័ពយកបាន៣ពិន្ទុពេញពីអាស៊ីអឺរ៉ុប

25 Mar 2021 14:16

589

Share :


ការទះមួយជើងស្ដាំពីក្រៅប្រអប់ទីរបស់ Dzarma Bata ចូលសំណាញ់អាស៊ីអឺរ៉ុបយូណាយធីតក្នុងនាទី៩០+២បានផ្ដល់៣ពិន្ទុពេញតែម្ដងដល់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ តាមរយៈជ័យជម្នះ១ទល់នឹង២ ក្នុងការប្រកួត Metfone Cambodian League នៅថ្ងៃពុធ ទី២៤ ខែមីនា។

ក្នុងជំនួបសប្ដាហ៍ទី០២ នាកីឡដ្ឋាន AEU Sports Park ខ្សែប្រយុទ្ធប្រេស៊ីល Cristiano Santos បានញាក់ផុតខ្សែការពារអាស៊ីអឺរ៉ុបយូណាយធីត និងបញ្ជូនឲ្យណារ៉ុង កក្កដា ទាត់បញ្ចូលទីយ៉ាងល្អបើកកនាំមុខមួយគ្រាប់មុនដល់ Tiffy Army។

ដល់នាទី៨៣ ខ្សែប្រយុទ្ធ Abee Hubber Ndjoo បានទាត់បាល់បញ្ចូលទីតាមស្មើ ក្រោយទទួលបាល់ពីការបញ្ជូនដោយមិត្តរួមក្រុម Samuel Ajayi Gbenga។Dzarma Bata ដែលបានប្ដូរចូលជំនួសខ្សែបម្រើប្រេស៊ីល Romario Alves បានទាត់បញ្ចូលទីយកបានគ្រាប់ជ័យជម្នះសម្រាប់ក្រុមលោក ហោ សុខហេង។

តាមពិតទៅ ការប្រកួតរវាងអាស៊ីអឺរ៉ុបយូណាយធីត និងសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទស្ថិតក្នុងកាលវិភាគសប្ដាហ៍ទី០៣ និងមានជាច្រើនគូទៀត។ តែដោយសារការចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ក៏មានការសម្រេចលើកគូផ្សេងៗទៀតទៅកាលបរិច្ឆេទថ្មី ដោយដំណើរការតែមួយគូខាងលើប៉ុណ្ណោះ។

គួរដឹងដែរថា ឆ្លងកាត់ការប្រកួត២លើកមកហើយនោះ អាស៊ីអឺរ៉ុបយូណាយធីតមិនទាន់ទទួលបានពិន្ទុនៅឡើយទេ ដោយពួកគេបានបើកឆាករដូវកាល២០២១ចាញ់គិរីវង់សុខសែនជ័យ ៤ទល់នឹង២។ ចំណែកសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទស្មើម្ចាស់ផ្ទះវិសាខា០ទល់នឹង០ក្នុងសប្ដាហ៍ទី០១៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania