ខ្សែប្រយុទ្ធអ៊ុយក្រែនរបស់ភ្នំពេញក្រោនទាត់ចូលក្នុងការបង្ហាញខ្លួនលើកដំបូង

28 Mar 2021 10:09

761

Share :


ខ្សែប្រយុទ្ធ Valeriy Hryshyn ដែលត្រូវបានប្ដូរចូលក្នុងវគ្គទី២នៃការប្រកួត Metfone Cambodian League 2021 តទល់គិរីវង់សុខសែនជ័យ នៅថ្ងៃសៅរ៍ ទី២៧ ខែមីនា បានទាត់បញ្ចូលទីឲ្យភ្នំពេញក្រោនមួយគ្រាប់ នាទី៨០។

គ្រាប់បាល់របស់កីឡាករជនជាតិអ៊ុយក្រែនកើតឡើងបន្ទាប់ពីប្រធានក្រុមគិរីវង់ ចាន់ ឧត្តម ទប់មិនបានល្អ ហើយគេក៏ឆក់យកបាល់ ទាត់បញ្ចូលទីផុតដៃអ្នកចាំទី ហេង បូរ៉ា និងជាគ្រាប់ទី២សម្រាប់ភ្នំពេញក្រោនដែលបានយកឈ្នះដោយលទ្ធផលសរុប១ទល់នឹង២។ នេះគឺជាគ្រាប់បាល់ទីមួយក្នុងការបង្ហាញខ្លួនលើកដំបូងរបស់អតីតយុវជនក្លិប FC Shakhtar Donetsk ដែលបានចូលរួមក្រុមជើងឯក Metfone Cambodian League ៦សម័យនៅរដូវកាល២០២១។

គ្រាប់បាល់ដំបូងរបស់ក្រុមរហស្សនាមសិង្ហក្រហមកើតឡើងក្នុងនាទី៣៦ ពេលខ្សែបម្រើប្រយុទ្ធ Andres Nieto តែតទម្លាក់ឲ្យកុក បូរីស តែតបញ្ចូលទីបានសម្រេច។ គិរីវង់សុខសែនជ័យវាយបកបានមួយគ្រាប់វិញក្នុងនាទី៨៩ ពេលខ្សែប្រយុទ្ធកាមេរូន David Julien បញ្ជូនឲ្យខ្សែបម្រើជប៉ុន Reiya Kinoshita ទាត់បញ្ចូលទីផុតដៃអ្នកចាំទី អ៊ុ វិចិត្រ។

ភ្នំពេញក្រោនសំរុកច្រើន ទាំងវគ្គទី១ និងវគ្គទី២ ជាពិសេសឱកាសពី Matheu Souza E Silva និង ប្រាក់ ធីវ៉ា ជាដើម ប៉ុន្តែអ្នកចាំទី ហេង បូរ៉ា របស់ក្រុមម្ចាស់ផ្ទះគិរីវង់ជួយសង្គ្រោះបានច្រើន ។ 

នេះជាបរាជ័យលើកទី២ក្នុងចំណោម៣ប្រកួតសម្រាប់គិរីវង់សុខសែនជ័យ។ ២ប្រកួតមុន ពួកគេឈ្នះអាស៊ីអឺរ៉ុបយូណាយធីត និងចាញ់អង្គរថាយហ្គឺរ។ ចំណែក ភ្នំពេញក្រោនវិញ ទើបប្រកួតបានមួយលើកប៉ុណ្ណោះមុនធ្វើដំណើរទៅកាន់ខេត្តតាកែវ ដោយបានបើកឆាកសប្ដាហ៍ទីមួយឈ្នះសូលទីឡូអង្គរ ១ទល់នឹង៧។

ដោយឡែក នៅថ្ងៃអាទិត្យ ទី២៨ ខែមីនា មានការប្រកួតចំនួន២គូ គឺអាស៊ីអឺរ៉ុបយូណាយធីតទទួលនគរបាលជាតិ វេលាម៉ោង៣និង៣០នាទីរសៀល និងណាហ្គាវើលដ៍ទៅផ្ទះព្រះខ័នរាជស្វាយរៀង ម៉ោង៦ល្ងាច៕

អត្ថបទ៖ CNCC 
ប្រភពរូប៖ Phnom Penh Crown FC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania