គ្រូប៉ូលិស “៖ហាត់ជុំគ្នាបានតិចថ្ងៃមែន តែយើងរំពឹងថាអាចធ្វើបានល្អ”

28 Mar 2021 13:57

440

Share :


ទោះបីហ្វឹកហាត់ជុំគ្នាមិនបានច្រើនថ្ងៃ លោក អ៊ុង កនយ៉ានិត គ្រូបង្គោលក្លិបបាល់ទាត់នគរបាលជាតិនៅតែមានជំនឿចិត្តថា ក្រុមរបស់លោកអាចធ្វើបានល្អក្នុងការប្រកួត Metfone Cambodian League តទល់អាស៊ីអឺរ៉ុបយូណាយធីត នារសៀលថ្ងៃអាទិត្យ ទី២៨ ខែមីនា នេះ។

ដោយសារតែមានការរីករាលជំងឺកូវីដ១៩ លោក អ៊ុង កនយ៉ានិត ប្រាប់ថា បានដាក់លំហាត់ឲ្យកូនក្រុមហាត់ដាច់ដោយឡែកនៅតាមផ្ទះរៀងៗខ្លួន និងទើបប្រមូលផ្ដុំគ្នាប៉ុន្មានថ្ងៃចុងក្រោយក្នុងសប្ដាហ៍នេះ។ ទោះមានរយៈពេលខ្លី លោកថា ការរៀបចំប្រព្រឹត្តទៅបានយ៉ាងល្អ។

គ្រូបង្វឹកក្រុមជើងឯកសម្ដេចតេជោ ហ៊ុន សែន ២០១៤ លម្អិតបែបនេះ “៖ យើងមិនបានប្រកួតមួយសប្ដាហ៍កន្លងទៅនេះ ដូចយើងដឹងហើយ ដោយសារកូវីដ១៩រីករាលដាលខ្លាំង។ យើងមិនហាត់ជុំគ្នាទេក្នុងមួយសប្ដាហ៍មុន ដោយយើងហាត់តាមផ្ទះរៀងៗខ្លួន។ យើងទើបតែផ្ដើមហាត់ជុំគ្នាក្នុងអាទិត្យដែលយើងត្រៀមលេងហ្នឹង ហើយហាត់ដោយប្រុងប្រយ័ត្នខ្ពស់។សម្រាប់ការហ្វឹកហាត់រយៈពេលខ្លីនេះ យើងរៀបចំក្រុមបានល្អគ្រាន់បើ។ ពាក់ព័ន្ធកម្លាំងមិនមែនជាបញ្ហាទេ។ សម្រាប់ការប្រកួតថ្ងៃនេះ យើងប្ដេជ្ញាប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដណ្ដើមយក៣ពិន្ទុមកវិញ។ យើងអាចនិយាយបានថា យើងមានសង្ឃឹមច្រើនថ្ងៃនេះ។”

គួរដឹងដែរថា ក្លិបបាល់ទាត់នគរបាលជាតិទើបតែប្រកួតបានមួយលើកប៉ុណ្ណោះ ដោយចាញ់អគ្គិសនីកម្ពុជា៣ទល់នឹង២នៅថ្ងៃបើកឆាក។ ចំណែកអាស៊ីអឺរ៉ុបយូណាយធីតប្រកួត២លើកមកហើយ និងបរាជ័យទាំង២ដង ដោយចាញ់គិរីវង់សុខសែនជ័យ និងសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ។

ជំនួបរវាងក្រុមទាំង២នឹងធ្វើឡើងនាកីឡដ្ឋាន AEU Sports Park វេលាម៉ោង៣និង៣០នាទីរសៀល៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania