លោក មាស ចាន់ណា បញ្ជាក់ស្ថានភាពក្រុមមុនប៉ះព្រះខ័នរាជស្វាយរៀង

28 Mar 2021 16:11

1192

Share :


អ្នកចាំទី ស៊ូ យ៉ាទី មិនអាចបង្ហាញខ្លួនបានឡើយសម្រាប់ណាហ្គាវើលដ៍ក្នុងជំនួបម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងនៃក្របខណ្ឌ Metfone Cambodian League រដូវកាល២០២១ នៅល្ងាចថ្ងៃអាទិត្យ ទី២៨ ខែមីនា។ នេះបើតាមការឲ្យដឹងពីលោក មាស ចាន់ណា គ្រូបង្គោលណាហ្គាវើលដ៍។

គ្រូបង្វឹកដដែលបញ្ជាក់ថា ស្ថានភាពរបួសភ្លៅរបស់អ្នកចាំទីដៃទីមួយខាងលើបានធូរស្បើយ និងអាចចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមឯទៀតបានវិញហើយ តែគ្រូពេទ្យក្លិបមិនទាន់អនុញ្ញាតចូលរូមការប្រកួតនៅឡើយទេ ព្រោះស្ថានភាពមិនទាន់១០០ភាគរយ។

ស៊ូ យ៉ាទី បានបង្ហាញខ្លួនក្នុងការប្រកួតបើកឆាកឈ្នះបឹងកេត តែលេងបានត្រឹម២០នាទីដំបូងប៉ុណ្ណោះ ក៏មានបញ្ហាភ្លៅសាជាថ្មីដែលបន្សល់ទុកតាំងពីដើមខែកុម្ភៈអំឡុងជំនួបមិត្តភាពជាមួយព្រៃវែង។ គេ ត្រូវបានផ្លាស់ប្ដូរជំនួសដោយសំរិត សីហា។ ចំណែកខ្សែបម្រើប្រយុទ្ធប្រេស៊ីល Marcio Marques ដែលមានរបួសប៉ុន្មានថ្ងៃមុនប៉ះបឹងកេត នឹងបន្តអវត្តមានក្នុងការប្រកួតនៅខេត្តស្វាយរៀងថ្ងៃអាទិត្យនេះ។

ពាក់ព័ន្ធនឹងអតីតកីឡាករព្រះខ័នរាជស្វាយរៀងដែលផ្លាស់ទៅណាហ្គាវើលដ៍ក្នុងរដូវកាល២០២១នេះ លោក មាស ចាន់ណា បង្ហើបថា ខ្សែការពារ នេន សុធារដ្ឋ នឹងមានវត្តមានក្នុងជម្រើស១១នាក់ដំបូង ខណៈនុប តុលា ស្ថិតនៅកៅអីបម្រុង។ ដោយឡែក សំអឿន ពិដោរ ដែលផ្ទេរក្នុងលក្ខខណ្ឌខ្ចី នឹងមិនអាចចូលលេងតទល់ក្លិបដើមស្វាយរៀងបានទេ។ 

ក្រុមទាំង២ទើបប្រកួតបានមួយលើកដូចគ្នាក្នុងរដូវកាល២០២១នេះ ដោយព្រះខ័នរាជស្វាយរៀងឈ្នះអគ្គិសនីកម្ពុជា៦ទល់នឹង១ និងណាហ្គាវើលដ៍ឈ្នះបឹងកេត០ទល់នឹង១។ គួររំឭកថា ណាហ្គាវើលដ៍បានប្រកួតចាញ់ព្រះខ័នរាជស្វាយរៀង៤ទល់នឹង០ នៅកីឡដ្ឋានខេត្តស្វាយរៀងដដែលនេះក្នុងថ្ងៃចុងក្រោយ Metfone Cambodian League 2020៕ 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania