ព្រះខ័នរាជឈ្នះណាហ្គា ខណៈអាស៊ីអឺរ៉ុបបាន៣ពិន្ទុលើកដំបូង

28 Mar 2021 21:18

857

Share :


ព្រះខ័នរាជស្វាយរៀងបានយកឈ្នះណាហ្គាវើលដ៍ដោយលទ្ធផល៣ទល់នឹង១ក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល២០២១ នៅថ្ងៃអាទិត្យ ទី២៨ ខែមីនា។

ក្រុមភ្ញៀវណាហ្គាបានបើកការនាំមុខមុនក្នុងនាទីទី២០ បន្ទាប់ពីខ្សែការពារ រៀម ស៊ឹង បញ្ជូនឲ្យឡេង មករា តែតបញ្ចូលទីផុតដៃអ្នកចាំទី អាំ សុវណ្ណារ៉ាត់។ 

រំលងត្រឹមតែ៥នាទី Privat Mbarga កាត់បាល់ពីស្លាបខាងស្ដាំ ហើយខ្សែប្រយុទ្ធអេស្ប៉ាញ Mika ទាត់បញ្ចូលទីតាមស្មើបានសម្រេច។ ដល់នាទី៤៣ ក្រុមលោក Conor Nestor បន្ថែមការនាំមុខមួយគ្រាប់ទៀត តាមរយៈរបៀបដដែល ដោយ Privat ប៉ះឲ្យ Mika ទាត់បញ្ចូលទីសាជាថ្មី។

នេះគឺជាគ្រាប់ទី៤របស់ Mika ដែលមានឈ្មោះពេញថា Miguel Ángel Junco Martínez។ គេរកបាន២គ្រាប់ដូចគ្នាកាលឈ្នះអគ្គិសនីកម្ពុជា ៦ទល់នឹង១ ក្នុងថ្ងៃបើកឆាក។ គ្រាប់ទី៣របស់ក្រុមជើងឯករង MCL 2020 កើតឡើងតាមរយៈខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ទៀត គឺ Robert Lopez Mendy បន្ទាប់ពីទទួលបានបាល់ពីការបញ្ជូនយ៉ាងល្អដោយ Thiago Santos ក្នុងនាទី៩០។

មួយគូទៀត អាស៊ីអឺរ៉ុបយូណាយធីតទទួលបាន៣ពិន្ទុលើកដំបូងហើយ ក្រោយឈ្នះក្រុមភ្ញៀវនគរបាលជាតិ៣ទល់នឹង២ក្នុងការប្រកួតនៅវេលាម៉ោង៣និង៣០នាទីរសៀលនាកីឡដ្ឋាន AEU Sports Park។

៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះ AEU រកបានដោយខ្សែប្រយុទ្ធ Abee Ndjoo Hurber ២គ្រាប់ និង Kuriyama Yuya មួយគ្រាប់។ ចំណែកគ្រាប់បាល់របស់នគរបាលជាតិបានមកពី Shane Booysen និងការធ្វើឲ្យបាល់ចូលទីខ្លួនឯងពីប្រធានក្រុមអាស៊ីអឺរ៉ុប ឡាយ រស្មី។

ដូច្នេះ នេះជាជ័យជម្នះលើកដំបូងសម្រាប់ក្រុមលោក សុក វាសនា និងជាបរាជ័យ២លើកជាប់ៗគ្នារបស់នគរបាលជាតិ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania