លទ្ធផលយ៉ាងណាពេល អង្គរថាយហ្គឺរ ប៉ះ កងយោធពលខេមរភូមិន្ទ?

01 Apr 2021 08:12

537

Share :


អង្គរថាយហ្គឺរ ត្រូវទទួលក្រុម កងយោធពលខេមរភូមិន្ទ នាថ្ងៃព្រហស្បតិ៍ទី១ ខែមេសានេះ នៅកីឡដ្ឋាន អេស.អ.យូ។ ជំនួបធំនៅក្រុងសៀមរាបថ្ងៃនេះត្រូវផ្សាយផ្ទាល់ដោយផេកហ្វេសប៊ុក CNCC ចាប់ពីម៉ោង ៣:៣០ រសៀលតទៅ។ ក្រុមទាំងពីរសុទ្ធតែលេងបាន ២ ប្រកួតដូចគ្នាតាំងពីបើករដូវកាលថ្មីនាថ្ងៃទី ៦ មីនា មក និងរកបាន ៤ ពិន្ទុដូចគ្នាផង។ 

ក្រុមរបស់លោក ORIOL MOHEDANO កំពុងរៀបប្លង់លេងបានល្អនៅពេលឈ្នះ គិរីវង់សុខសែនជាតិ ២-០ ក្នុងការប្រកួតចុងក្រោយរបស់ខ្លួន ក្រោយស្មើ ព្រៃវែង១-១ នាជំនួបបើកឆាក។ ចំណែកក្រុមរបស់ លោក ហោ សុខហេង ក៏កំពុងពុះកញ្ជ្រោលដូចគ្នា ក្រោយឈ្នះ អាស៊ីអឺរ៉ុបយូណាយធីត ២-១ កាលពាក់កណ្ដាលសប្ដាហ៍មុន និងស្មើ វិសាខា ០-០។  

កីឡាករសំខាន់៖

ណារ៉ុង កក្កដា ៖ គេជាកីឡាករសំខាន់ម្នាក់របស់ ខ.ភ.ម និងរកបានមួយគ្រាប់ពេលក្រុមរបស់ខ្លួនយកឈ្នះ អាស៊ីអឺរ៉ុប ២-១។ កក្កដា ជាកីឡាករលេងចេញពីតំបន់ស្លាបទាំងពីរបានល្អ និង ពូកែរកចន្លោះប្រហោងក្នុងតំបន់កណ្ដាលដើម្បីបញ្ចប់ទីទៀតផង។ កុំភ្លេចថា កាលរដូវកាលមុន កក្កដា ជាអ្នករកគ្រាប់បាល់ច្រើនជាងគេរបស់ ខ.ភ.ម (៨គ្រាប់)។ 

DA CRUZ GUARDIANO ៖  ស្ថិតក្នុងវ័យ ៣៣ ឆ្នាំ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះមិនសាមញ្ញពេកឡើយក្នុងការរកគ្រាប់បាល់បញ្ចូលទី។ គេរកគ្រាប់នាំមុខមុន ពេលស្មើ ព្រៃវែង ១-១ ក្នុងជំនួបបើកឆាក។ DA CRUZ អាចលេងបាល់លើបានល្អ , ពិតពាំង និង ស្វែងរកឱកាសទាត់បញ្ចូលទីយ៉ាងល្អ។ កុំភ្លេចថា គេរកបាន ២៥ គ្រាប់ក្នុងការចំណាយពេលមួយរដូវកាលដំបូងនៅកម្ពុជាជាមួយវិសាខា កាលឆ្នាំ២០១៩។ 

ជម្រើស១១នាក់ដែលគ្រូបង្វឹកចូលចិត្តប្រើរបស់ក្រុមទាំងពីរ៖ 

អ្នកចាំទី ជា វណ្ណសាក់ និង យី ប៊ុនហេង សុទ្ធតែមានភាគរយចូលលេងដូចគ្នាក្នុងជម្រើសដំបូងកន្លងមក។ គេចូលលេងម្នាក់ម្ដងក្នុងការប្រកួតពីរលើកនាដើមរដូវកាលនេះ។ ចំណែក KOSUKE នៅមិនទាន់ច្បាស់នៅឡើយ ក្រោយរូបគេមិនបង្ហាញវត្តមានពេលឈ្នះ គិវីវង់ ២-០ (គេរបួសកាលជួបព្រៃវែង)។ 

អង្គរថាយហ្គឺរ ៤-៣-៣ ៖

អ្នកចាំទី៖ ជា វណ្ណសាក់,

ខ្សែការពារ៤៖ ឈង់ ប៊ុនណាត,ស្រាំង ទិត្យឈី, សឿត បារាំង, តាំង ពិសី 

ខ្សែបម្រើ៤៖ ចាន់ សុភា, ឡុង ភារ៉ាត់(C),  MAKSIM, 

ខ្សែប្រយុទ្ធពីរ ៖ IAGO BENTO , DA CRUZ, ATA

ខ.ភ.ម ទម្រង់ ៤-៤-២ ៖

អ្នកចាំទី អ៊ុ សេរីរ័ត្ន មិនទាន់ជាសះស្បើយពីរបួសតាំងពីរដូវកាលមុន ប៉ុន្តែ ពេជ្រ តារា ជំនួសតំណែងនេះបាន ជាមួយ គង់ រ៉ាហ្វាត់។ 

អ្នកចាំទី៖ ពេជ្រ តារា

ខ្សែការពារ៤៖ រឿម ចាន់រឿន, RIO SAKUMA, វង្ស វិចិត្រ, ថោង ដា, 

ខ្សែបម្រើ បម្រើ៖ កាន់ ពិសាល, YUTA KIKUCHI, ណារ៉ុង កក្កដា, ភួង សុខសាណា(C)

ខ្សែប្រយុទ្ធ ២ ៖ Marcolino Santo, Romario 

ជំនួបរដូវកាលមុននៅលីគកំពូល៖

ក្រុមទាំងពីរបញ្ចប់ឆ្នាំ២០២០ ដោយលទ្ធផលស្មើគ្នា ១-១ (ជើងទី១)។ ដោយសារកូវីដ-១៩ និងកាត់បន្ថយប្រកួតតម្រូវឲ្យលេងក្រុម Top 6 ត្រូវប៉ះគ្នាក្រោយចប់ជើងទី១។ អង្គរថាយហ្គឺរ ចប់ទៅនៅលេខ ៧ដូច្នេះ មិនបានជួប ខ.ភ.ម នៅជើងទី២ទេ។ 

លទ្ធផល២លើកចុងក្រោយរបស់ក្រុមទាំងពីរនៅលីគ២០២១៖

អង្គរថាយហ្គឺរ ៖

ព្រៃវែង ១-១ អង្គរថាយហ្គឺរ

អង្គរថាយហ្គឺរ ២-០ គិរីវង់សុខសែនជ័យ

ខ.ភ.ម ៖

វិសាខា ០-០ ខ.ភ.ម 

អាស៊ីអឺរ៉ុបយូណាយធី ១-២ ខ.ភ.ម

តើ អង្គរថាយហ្គឺរ ឬ កងយោធពលខេមរភូមិន្ទ ដែលដណ្ដើមបាន ៣ពិន្ទុ?

អត្ថបទៈ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania