អង្គរថាយហ្គឺរយកបាន៣ពិន្ទុពេញពីទ័ព

01 Apr 2021 20:32

662

Share :


ទោះព្យាយាមវាយបកតាមក្រោយបាន២គ្រាប់វិញ ក៏មិនគ្រប់គ្រាន់សម្រាប់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ដើម្បីឈានយកពិន្ទុពីម្ចាស់ផ្ទះអង្គរថាយហ្គឺរឡើយក្នុងការប្រកួត Metfone Cambodian League នាកីឡដ្ឋាន SRU នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា នេះ។

ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរបាននាំមុខមុនក្នុងនាទី១៦ ពេលឡុង ភារ័ត្ន ទាត់បន្ថែមបញ្ចូលទី ក្រោយការទាត់របស់ខ្សែបម្រើ Maksim Taleyko ត្រូវបានអ្នកចាំទី ពេជ្រ តារា ទះចេញ។ ដល់នាទី២៣ ឡុង ម៉េងហាវ បានបញ្ជូនយ៉ាងល្អដល់ Maksim ទាត់បញ្ចូលទីផុតដៃអ្នកចាំទី ពេជ្រ តារា បន្ថែមមួយគ្រាប់ទៀតសម្រាប់ក្រុមមានមូលដ្ឋានៅសៀមរាប។ 

ខ្សែការពារ តាំង ពិសី ក៏បានទាត់បញ្ចូលទីបង្កើនការនាំមុខមួយគ្រាប់ទៀតដែលជាគ្រាប់ទី៣។ ចូលដល់នាទី៤៥ សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទបានវាយបកមួយគ្រាប់វិញឲ្យក្រុមលោក ហោ សុខហេង តាមពីក្រោយ។ 

ដល់នាទី៤៥+៣ទៅហើយ ខ្សែបម្រើប្រេស៊ីល Romario Alves បញ្ជូនឲ្យណារ៉ុង កក្កដា ទាត់មួយគ្រាប់ទៀត។ ចប់ការប្រកួតវគ្គទី១ អង្គរថាយហ្គឺរនាំមុខ៣ទល់នឹង២។ ក្នុងការប្រកួតយ៉ាងស្វិតស្វាញវគ្គទី២ ពុំមានក្រុមណាបន្ថែមគ្រាប់បាល់បានឡើយ ទោះមានឱកាសប្រកួតសំរុកមុខទីដូចៗគ្នា។ 

សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទនឹងបន្តស្នាក់នៅខេត្តសៀមរាបដដែល ដោយពួកគេត្រូវជួបសូលទីឡូអង្គរ នាកីឡដ្ឋាន SRU ថ្ងៃចន្ទ ទី០៥ ខែមេសា សម្រាប់ការប្រកួត Metfone Cambodian League សប្ដាហ៍ទី៥។ ចំណែក អង្គរថាយហ្គឺរត្រូវប៉ះនគរបាលជាតិនៅថ្ងៃពុធ ទី០៧ ខែមេសា នាកីឡដ្ឋានអគ្គិសនីកម្ពុជា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania