រឿម ចាន់រឿន បង្ហើបការតស៊ូមុនក្លាយជាខ្សែការពារស្នូលមួយរូបនៅទ័ព

02 Apr 2021 08:04

198

Share :


មុនទទួលបានឱកាសបង្ហាញខ្លួនទៀងទាត់សម្រាប់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទដូចបច្ចុប្បន្ន ខ្សែការពារ រឿម ចាន់រឿន បានឆ្លងកាត់ការតស៊ូ ប្រឹងប្រែងយ៉ាងខ្លាំង។ 

ចាកចេញពីស្រុកកំណើតឯខេត្តបាត់ដំបងក្នុងឆ្នាំ២០១៤ដើម្បីមកបន្តការសិក្សាកម្រិតមហាវិទ្យាល័យ ចាន់រឿន ត្រូវបានណែនាំពីសំណាក់រៀមច្បងមួយរូបឲ្យចូលសាកល្បងសមត្ថភាពនៅសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (កាលណោះនៅឈ្មោះជាក្លិបបាល់ទាត់កងក្រសួងការពារជាតិ) ហើយក៏ទទួលបានឱកាសចូលក្រុមធំក្នុងរដូវកាល២០១៥។

ខ្សែការពារស្លាបខាងលើរំឭកថា ទម្រាំអាចទទួលបានទំនុកចិត្តពីថ្នាក់ដឹកនាំ និងគ្រូបង្វឹកបែបនេះ គេត្រូវប្រឹងប្រែងខ្លាំង ព្រោះការឈានជើងចូលលក្ខណៈអាជីពដំបូង គឺចំពេលគេមានអាយុច្រើនបន្តិចទៅហើយ ហើយក៏មិនសូវមានទេពកោសល្យខ្លាំងក្នុងការលេងផ្លូវការដែរ។

ចាន់រឿន រៀបរាប់បែបនេះ “៖ កាលចូលដំបូងៗមានការលំបាកច្រើន គេមើលមកយើង គិតថា ប្រហែលទៅមិនរួចទេ។ ដុងបាល់ទាត់ពីកំណើតក៏មិនសូវមាន ហើយចូលលេងបាល់ទាត់ក៏ធំទៅហើយដែរ ពេលមកពីខេត្ត អាយុ១៧-១៨ហើយហ្នឹង។ ដល់ពេលយើងទទួលបានការណែនាំពីគ្រូ អ៊ីចឹងយើងខំប្រឹងប្រែងដោយខ្លួនឯង ងើបពីព្រលឹមហាត់ខ្លួនឯងអ៊ីចឹងទៅ ថ្ងៃហាត់ជាមួយក្រុម ហើយទោះគេសម្រាក យើងនៅតែហាត់ ថ្ងៃសៅរ៍ អាទិត្យ ក៏នៅតែហាត់។ ខ្ញុំខិតខំ និងព្យាយាមធ្វើតាមអ្វីដែលគ្រូចង់បាន។ មួយទៀត គឺមានវិន័យចំពោះខ្លួនឯង ហើយគោរពវិន័យក្រុម និងក្លិប អ៊ីចឹងខ្ញុំក៏ទទួលបានផលពីការប្រឹងប្រែងហ្នឹង។”

គួរដឹងដែរថា ក្នុងឆ្នាំ២០១៥ដែលឆ្នាំដំបូងនៃអាជីពបាល់ទាត់ រឿម ចាន់រឿន ត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ចេញទៅប្រកួតជើងឯក AFF U19 Championship នៅប្រទេសឡាវ។ មួយឆ្នាំក្រោយមក គេក៏ជាប់ក្រុមធំជម្រើសជាតិដែលកាលណោះដឹកនាំដោយ លោក Lee Tae-hoon៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania