ព្រះខ័នរាជបន្តជ័យជម្នះ ខណៈអង្គរថាយហ្គឺរនៅតែឈរកំពូលតារាង

07 Apr 2021 21:27

800

Share :


ព្រះខ័នរាជស្វាយរៀងបានបន្តជ័យជម្នះជាលើកទី៣ជាប់ៗគ្នាពីការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល២០២១ ក្រោយវាយបកយកឈ្នះអាស៊ីអឺរ៉ុបយូណាយធីតដោយលទ្ធផល៣ទល់នឹង៤នៅកីឡដ្ឋានអេអ៊ីយូស្ពតផាក ថ្ងៃពុធ ទី០៧ ខែមេសា។

Samuel Ajayi Gbenga បានអូសបាល់ទៅទាត់ក្នុងប្រអប់ទីផុតដៃអ្នកចាំទី អាំ សុវណ្ណារ៉ាត់ ឲ្យក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុបនាំមុខក្នុងនាទីទី០៧។ ការប្រកួតបានឈានដល់ភាពចម្រូងចម្រាសនៅពេលប្រធានក្រុម AEU ឡាយ រស្មី ទទួលបានកាតក្រហម ដោយសារអាជ្ញាកណ្ដាលពិន័យក្រោមហេតុផលបាល់ប៉ះដៃក្នុងប្រអប់អ្នកចាំទី។ ខ្សែប្រយុទ្ធអេស្ប៉ាញ Mika បានទាត់បាល់១១ម៉ែត្របញ្ចូលទីឲ្យក្រុមលោក Conor Nestor តាមស្មើ ក្នុងនាទី៤១។ 

យ៉ាងណា អាស៊ីអឺរ៉ុបនាំមុខសាជាថ្មី ក្រោយការទាត់បាល់១១ម៉ែត្រពី Abee Ndjoo Hurbert បន្ទាប់ពីបាល់ប៉ះដៃ Mika ក្នុងប្រអប់អ្នកចាំទីដូចគ្នា។ ចូលដល់វគ្គទី២ បានត្រឹមមួយនាទីប៉ុណ្ណោះ Privat Mbarga បានតែតទម្លាក់ឲ្យប្រាក់ មុន្នីឧត្តម ទាត់បញ្ចូលទីតាមស្មើ។ 

អាស៊ីអឺរ៉ុបបាននាំមុខសាជាថ្មី៣ទល់នឹង២ ពេល Samuel Ajayi Gbenga បញ្ជូនឲ្យ Abee ទាត់បញ្ចូលទីនាទី៥៩។ ការនាំមុខនេះបានត្រឹម៤នាទី សារ៉េត គ្រីយ៉ា បានប៉ះទម្លាក់បន្តិចឲ្យ Privat ទាត់បញ្ចូលទីតាមស្មើក្នុងនាទី៦៣។ មិនដល់មួយនាទីស្រួលបួលផង ព្រះខ័នរាជស្វាយរៀងលេងក្បួន counter attack ដល់ប្រអប់អ្នកចាំទីដែល Robert Lopez Mendy ទះមួយជើងបកក្រោយឲ្យ Mika ទាត់គ្រាប់ទី៤។ 

ការប្រកួតមួយគូទៀត អង្គរថាយហ្គឺរនៅតែបន្តគ្រប់គ្រងកំពូលតារាងជាបណ្ដោះអាសន្ន ដោយបានយកឈ្នះនគរបាលជាតិ ០ទល់នឹង១ ក្នុងការប្រកួតនៅកីឡដ្ឋានអគ្គិសនីកម្ពុជាថ្ងៃដដែល។ ខ្សែប្រយុទ្ធប្រេស៊ីល Jago Bento Fernandes ទាត់បញ្ចូលទីពីចម្ងាយយ៉ាងល្អ។

ដូច្នេះ ជ័យជម្នះនេះធ្វើឲ្យអង្គរថាយហ្គឺរបន្តនាំមុខកំពូលតារាងបណ្ដោះអាសន្នពីការប្រកួត៤លើក មាន១០ពិន្ទុ។ ចំណែកភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ដែលប្រកួតបាន៣លើក មាន៩ពិន្ទុស្មើគ្នា ឈរនៅលេខ២ និងលេខ៣ រៀងៗខ្លួន៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania