Romario ជុំវិញជ័យជម្នះលើសូលទីឡូអង្គរ

08 Apr 2021 13:06

444

Share :


សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានយកឈ្នះម្ចាស់ផ្ទះសូលទីឡូអង្គរដោយលទ្ធផល០ទល់នឹង៣ក្នុងការប្រកួត Metfone Cambodian League នៅថ្ងៃចន្ទ ទី០៥ ខែមេសា នាកីឡដ្ឋាន SRU។ 

ខ្សែបម្រើ Romario Alves ដែលទាត់បញ្ចូលទីបានមួយគ្រាប់យល់ឃើញថា ក្រុមរបស់គេគួរតែអាចរកបានច្រើនគ្រាប់ជាងនេះទៀត។ យ៉ាងណា នេះក៏ជាលទ្ធផលល្អព្រោះអាចទទួលបានជ័យជម្នះ ហើយម្យ៉ាងក្រុមក៏មានយុវជនមួយចំនួនទទួលបានឱកាសបង្ហាញខ្លួនដែលជាផ្នែកមួយនៃការអភិវឌ្ឍក្រុម។

កីឡាករប្រេស៊ីខាងលើបង្ហាញការយល់បែបនេះ “៖ក្នុងការប្រកួតថ្ងៃនេះយើងអាចធ្វើអ្វីបានច្រើនជាងនេះ តែយ៉ាងណា យើងអាចទទួលបានលទ្ធផលវិជ្ជមាន ទោះបានតែ៣គ្រាប់។ ណាមួយ យើងមានកីឡាករខ្លះដែលមិនសូវបានលេងក្រុមធំ ទទួលបានឱកាសចូលលេង។ វាជាផ្នែកមួយនៃដំណើរវិវឌ្ឍន៍ក្នុងក្រុម។ យើងត្រូវការវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សពីព្រោះយើងត្រូវប៉ះក្រុមល្អៗចាប់ពីពេលនេះតទៅ។ សម្រាប់ការប្រកួតថ្ងៃនេះសំខាន់បំផុត គឺជ័យជម្នះ ដូច្នេះយើងអាចទទួលបានលទ្ធផលវិជ្ជមាន និងដំណើរយ៉ាងរឹងមាំឆ្ពោះទៅគោលដៅរបស់យើង។ យើងមានក្រុមដ៏ល្អ និងកីឡាករល្អដែលអាចធ្វើបានច្រើន។”

៣គ្រាប់របស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទរកបានដោយខ្សែបម្រើជប៉ុន Yuta Kikuchi ក្នុងនាទីទី០៤, Romario Alves នាទី៣១ និង Dzarma Bata នាទី៩០+៣។  នេះក៏ជាជ័យជម្នះលើកទីមួយនៅសៀមរាបក្នុងការប្រកួត Metfone Cambodian League រដូវកាលនេះ បន្ទាប់ពីពួកគេបានចាញ់អង្គរថាយហ្គឺរ៣ទល់នឹង២ កាលថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា នាកីឡដ្ឋាន SRU ដូចគ្នា។

ក្រុមហៅកាត់ថា Tiffy Army ប្រកួតបាន៤លើកហើយ ដោយឈ្នះ២ ស្មើ១ និងចាញ់១។ ចំណែកសូលទីឡូអង្គរទើបប្រកួតបានមួយលើកប៉ុណ្ណោះមុនចាញ់ទ័ព ដោយបានចាញ់ភ្នំពេញក្រោន១ទល់នឹង៧ កាលសប្ដាហ៍ទីមួយ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania