មិន រតនៈ “៖ខ្ញុំរីករាយពេលគ្រូកាន់តែទុកចិត្ត ប៉ុន្តែខ្ញុំក៏ត្រូវព្យាយាមទៀតដែរ”

11 Apr 2021 15:54

641

Share :


ខ្សែបម្រើវ័យក្មេង មិន រតនៈ ថ្លែងថា ទទួលបានទំនុកចិត្តកាន់តែច្រើនជាងមុនពីគ្រូបង្គោលព្រះខ័នរាជស្វាយរៀង លោក Conor Nestor ដោយគេបានបង្ហាញខ្លួនទាំង៣លើកដំបូងក្នុងការប្រកួត Cambodian League រដូវកាល២០២១នេះ។

កីឡាករដុះដាលចេញពីថ្នាលយុវជនព្រះខ័នរាជស្វាយរៀងជឿជាក់ថា ការទទួលបានឱកាសចូលរួមប្រកួតប្រជែងកាន់តែច្រើនបែបនេះក៏ជួយឲ្យមានបទពិសោធច្រើនថែមទៀត។

យុវជនមានកំណើតនៅខេត្តកំពង់ស្ពឺរៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួនបែបនេះ “៖ ឆ្នាំនេះមានអារម្មណ៍ថា សប្បាយចិត្ត ព្រោះគ្រូផ្ដល់ឱកាស និងមានទំនុកចិត្តលើខ្ញុំច្រើន។ បានលេងកាន់តែច្រើន ធ្វើឲ្យយើងមានបទពិសោធថ្មីៗក៏ច្រើន កាន់តែយល់ច្បាស់លើទីលាន ហើយសមត្ថភាពក៏អាចកើនឡើងតាមហ្នឹង។ ចំពោះចំណុចខ្វះខាត គឺមានកម្លាំង, កាយសម្បទា និងបច្ចេកទេសមួយចំនួនទៀត ហើយអ្វីដែលគ្រូចង់ឲ្យលេង គឺត្រូវព្យាយាមធ្វើតាមឲ្យបានច្រើន។”

គួរដឹងដែរថា មិន រតនៈ ដែលឈានជើងចូលក្រុមធំព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៩ បានរួមចំណែកឈ្នះជើងឯក Metfone Cambodian League នៅឆ្នាំដដែល។ មិនតែប៉ុណ្ណោះ ក្នុងឆ្នាំ២០១៩ដូចគ្នា គេក៏មានវត្តមានក្នុងក្រុម U18 កម្ពុជាដែលឈ្នះវៀតណាម និងថៃ នៅ AFF U18 Championship។ ទន្ទឹមនឹងនេះ គេជាសមាជិកមួយរូបក្នុងក្រុម U19 គោព្រៃដែលឡើងទៅកាន់វគ្គចែកពូលជុំចុងក្រោយ AFC U19 Championship 2020 នៅអ៊ូបេគីស្ថាន (វគ្គចែកពូលជុំចុងក្រោយនេះមិនបានដំណើរការទេ ព្រោះត្រូវបានលុបចោលវិញ ក្រោយលើកពេលច្រើនលើកដោយសារបញ្ហាកូវីដ១៩)។

យុវជនវ័យ១៩ឆ្នាំជឿជាក់ថា ប្រសិនបើបន្តការខិតខំប្រឹងប្រែង នោះគេនឹងនៅតែទទួលបានទំនុកចិត្តពីគ្រូបង្វឹកតទៅមុខទៀត៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania