គង់ រ៉ាហ្វាត់ ស្ដាយចំពោះអវត្តមានរបស់ អ៊ុំ សេរីរ័ត្ន

12 Apr 2021 16:02

762

Share :


ការដកខ្លួនពីអាជីពជាកីឡាករបាល់ទាត់របស់ អ៊ុំ សេរីរ័ត្ន ក៏បានផ្ដល់ឱកាសច្រើនថែមទៀតដល់អ្នកចាំទីអ្នកចាំទីចំណូលថ្មី គង់ រ៉ាហ្វាត់ ក្នុងការបង្ហាញខ្លួនសម្រាប់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ 

យ៉ាងណា រ៉ាហ្វាត់ ក៏មានអារម្មណ៍ស្ដាយខ្លះដែរដែលមិនបានហ្វឹកហាត់ និងលេងជាមួយអ្នកចាំទី អ៊ុំ សេរីរ័ត្ន បន្តទៀត បន្ទាប់ពីរៀមច្បងរូបនេះសម្រេចចិត្តចូលនិវត្តន៍ដោយសារបញ្ហារបួសជង្គង់។ រ៉ាហ្វាត់ អះអាងថា សេរីរ័ត្ន គឺជានិមិត្តរូបមួយរូបតាំងពីគេនៅលេងឲ្យក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំម្ល៉េះ។

រ៉ាហ្វាត់ បញ្ជាក់បែបនេះ “៖បាទបង! ខ្ញុំគិតថាវាក៏ជាឱកាសមួយសម្រាប់ខ្ញុំក្នុងការប្រកួត តែក៏សោកស្ដាយចំពោះអវត្តមានរបស់បងប្រុស សេរីរ័ត្ន ព្រោះគាត់ជាកីឡាករល្អ ក៏ដូចជាបងប្រុសម្នាក់ដែលតែងតែជួយ កែកំហុសប្អូនៗដែលហ្វឹកហាត់ជាមួយគាត់។ មុនចូលមកទ័ព ខ្ញុំបានរៀនសូត្រពីគាត់ជាច្រើន ហើយគាត់ក៏ជា Idol របស់ខ្ញុំនៅពេលដែលខ្ញុំលេងឲ្យជម្រើសជាតិ U16 ដែរ។”

រ៉ាហ្វាត់ ទទួលស្គាល់ការចូលរួមជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទពិតជាមានការប្រកួតប្រជែងខ្លាំងក្នុងក្រុម និងក្នុងការប្រកួតនានា ព្រោះក្រុមថ្មីនេះក៏មានអ្នកចាំទីល្អៗផ្សេងទៀតដែរ។

គួរដឹងដែរថា គង់ រ៉ាហ្វាត់ បានផ្លាស់ពីគិរីវង់សុខសែនជ័យទៅសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្នុងរដូវកាល២០២១នេះ។ អតីតកីឡាករក្លិបអគ្គិសនីកម្ពុជា និងសូលទីឡូអង្គរ បង្ហាញខ្លួនពេញ៩០នាទីក្នុងជំនួបជាមួយអាស៊ីអឺរ៉ុប និងសូលទីឡូអង្គរ និងប្ដូរចូលនាទី៤០ពេលប៉ះអង្គរថាយហ្គឺរ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania