គង់ ស្រស់ “៖ ពិតជារឿងល្អដែលសូលទីឡូផ្ដល់ឱកាសច្រើនដល់យុវជន”

15 Apr 2021 04:20

650

Share :


ខ្សែបម្រើ គង់ ស្រស់ របស់សូលទីឡូអង្គរ ទទួលស្គាល់ការប្រើប្រាស់យុវជនច្រើនប្រាកដជាអាចពិបាកប្រកួតប្រជែងក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League។ យ៉ាងណា គេថា ការប្រើប្រាស់កីឡាករក្មេងៗច្រើនបែបនេះពិតជារឿងល្អ ព្រោះបានផ្ដល់ឱកាសដល់យុវជន ជាពិសេសកីឡាករនៅខេត្តសៀមរាបបានបញ្ចេញសមត្ថភាព។

អតីតកីឡាករជម្រើសខេត្តសៀមរាបយល់ឃើញបែបនេះ “៖ខ្ញុំគិតថា ជារឿងល្អពេលរើសក្មេងៗច្រើន ព្រោះថ្នាក់ដឹកនាំអាចនឹងគិតដល់ស៊ីហ្គេមអ៊ីចឹងទៅ។ ប្រសិនបើពួកគាត់ប្រឹងប្រែង លេងបានល្អ ប្រហែលជាអាចមានឱកាសជាប់ជម្រើសជាតិលេងស៊ីហ្គេម។”

រដូវកាល២០២១ សូលទីឡូអង្គរមានកីឡាករវ័យក្មេងកាន់តែច្រើនជាពិសេសយុវជនមានកំណើតពីចន្លោះឆ្នាំ២០០០ដល់២០០៤។ គង់ ស្រស់ ថា ការប្រកួតក្នុងក្របខណ្ឌ Metfone Cambodian League ក្រុមរបស់គេពិតជាពិបាកប្រជែង តែសម្រាប់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលប្រើតែកីឡាករក្នុងស្រុក គេរំពឹងថា អាចល្អប្រសើរ។

ពាក់ព័ន្ធទៅនឹងការលេងផ្ទាល់ខ្លួនវិញ គង់ ស្រស់ បានចូលរួមជាមួយសូលទីឡូអង្គរក្នុងជើងទី២ រដូវកាល២០២០ បន្ទាប់ពីបានចូលលេងនៅក្នុងក្រុមថ្នាក់ខេត្ត និងជាសមាជិកក្នុងក្រុមជម្រើសខេត្តសៀមរាប។ កីឡាករវ័យ២២ឆ្នាំត្រូវបានផ្ដល់កិច្ចសន្យាមួយរដូវកាលទៀតនៅសូលទីឡូអង្គរ។ គេក៏ទទួលបានបទពិសោធច្រើនពីការប្រកួតកម្រិតអាជីពកន្លងមក។

គួរដឹងដែរថា ២ប្រកួតនៅ MCL 2021 សូលទីឡូអង្គរ បានចាញ់ភ្នំពេញក្រោន និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania