នួន បូរី ថា ពិតជាពិបាកដែលត្រូវមានរបួសចំពេលស្ថានភាពមិនល្អដែរ

17 Apr 2021 13:50

412

Share :


ខ្សែប្រយុទ្ធ នួន បូរី បានធូរស្បើយពីបញ្ហារបួសជង្គង់ និងបានបង្ហាញខ្លួនសម្រាប់ក្លិបបាល់ទាត់នគរបាលជាតិក្នុងការប្រកួត Metfone Cambodian League តទល់អង្គរថាយហ្គឺរនាពេលថ្មីៗនេះ។

កីឡាករធ្លាប់ជាប់ជម្រើសជាតិកម្ពុជាបញ្ជាក់ថា អាចចូលលេងបានធម្មតាវិញ ដោយបញ្ហារបួសជង្គង់ដែលកើតឡើងអំឡុងហ្វឹកហាត់កាល៣ខែមុន បានល្អប្រសើរចន្លោះ៨០ទៅ៩០ភាគរយ តែនៅមានអារម្មណ៍ស្រៀវខ្លះ។ គេថា នេះមិនមែនជារបួសដែលពិបាកខ្លាំងបំផុតសម្រាប់គេទេ តែអ្វីដែលគេមិនសប្បាយចិត្តនោះ គឺក្លិបកំពុងស្ថិតក្នុងស្ថានភាពមិនល្អ ក្រោយចាញ់ទាំង៣ប្រកួតដំបូងនៅ MCL 2021។

បូរី បញ្ជាក់ “៖របួសហ្នឹងមិនមែនជារបួសយ៉ាប់ជាងគេទេ តែវាចំពេលក្លិបកំពុងស្ថិតក្នុងស្ថានភាពយ៉ាប់ដែរ យើងត្រូវចំណាយពេលព្យាបាលវាទើបតែបាន៣ខែហ្នឹង។ យើងត្រូវព្យាយាមហ្វឹកហាត់បន្ថែមដើម្បីជួយក្រុមធ្វើម៉េចកុំឲ្យជួបស្ថានភាពបែបហ្នឹងទៀត។ បើយើងប្រឹងហាត់ខ្លាំងមួយខែទៀត អាចជា១០០ភាគរយ។”

នួន បូរី មិនមែនជាកីឡាករស្នូលម្នាក់ទេរបស់នគរបាលជាតិដែលមានបញ្ហារបួស។ ក្នុងនោះក៏មានខ្សែបម្រើ ស៊ុន វណ្ណដេត ត្រូវសម្រាកដោយសាររបួសសរសៃពួរជង្គង់។ ចំណែក ខ្សែប្រយុទ្ធអាហ្វ្រិកខាងត្បូង Shane Booysen ក៏ត្រូវសម្រាកដើម្បីឲ្យបញ្ហាសុខភាពរបស់គេកាន់តែប្រសើរ។

ទន្ទឹមនឹងនេះដូចបានជម្រាបជូន គឺក្រុមរបស់គ្រូបង្គោល អ៊ុង កនយ៉ានិត កំពុងស្ថិតក្នុងស្ថានភាពមិនល្អ ដោយពុំទាន់មានពិន្ទុឡើយ។ ៣ប្រកួតដំបូងនៅ MCL រដូវកាលនេះ ពួកគេបើកឆាកចាញ់អគ្គិសនីកម្ពុជា ២ទល់នឹង៣, ចាញ់អាស៊ីអឺរ៉ុបយូណាយធីត៣ទល់នឹង២ និងចាញ់អង្គរថាយហ្គឺរ០ទល់នឹង១៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania