សួន សុវណ្ណ “៖ខ្ញុំរីកចម្រើនច្រើននៅស្វាយរៀង”

21 Apr 2021 09:49

370

Share :


ការចូលរួមជាមួយព្រះខ័នរាជស្វាយរៀងជាង៣ឆ្នាំមកនេះធ្វើឲ្យ សួន សុវណ្ណ ទទួលបានបទពិសោធ និងរីកចម្រើនច្រើនទាំងបច្ចេកទេស និងឱកាសល្អៗនានា។ គេថា បានការជ្រោមជ្រែងច្រើនពីគ្រូៗ និងមិត្តរួមក្រុមទើបអាចអភិវឌ្ឍខ្លួនបានដល់កម្រិតជាទីពេញចិត្តដូចសព្វថ្ងៃ។

សួន សុវណ្ណ រៀបរាប់ “៖តាំងពីចូលស្វាយរៀង ខ្ញុំមើលឃើញថា ខ្ញុំរីកចម្រើនច្រើនមានទាំងបច្ចេកទេស, កម្លាំង, កាយសម្បទា, ប្រាក់ខែ និងចំណុចល្អៗជាច្រើនទៀត។ ដូចដឹងស្រាប់ហើយថា ដំបូងស្វាយរៀងមិនសូវនាំចូលកីឡាករក្នុងស្រុកពីក្លិបផ្សេងទេ ភាគច្រើនគឺដំឡើងពីក្រុមយុវជនក្លិបខ្លួនឯង។ ប៉ុន្តែពេលលោកគ្រូ Conor ចូលកាន់ គាត់ក៏នាំយកខ្ញុំទៅដែរ។ ទៅដំបូងៗ ខ្ញុំក៏មិនទាន់បានលេងដែរ តែដោយសារមានកីឡាករជាប់ពិន័យច្រើន ខ្ញុំមានឱកាសចូលលេង និងដូរចូលខ្លះ អ៊ីចឹងពេលបានលេងច្រើន ខ្ញុំកាន់តែយល់ពីបច្ចេកទេស និងរបៀបលេង ហើយគ្រូក៏ចាប់ផ្ដើមមានទំនុកចិត្ត។ ខ្ញុំក៏កាន់តែប្រឹងប្រែងថែមទៀតដែរ អ៊ីចឹងក៏មានឱកាសបានលេងកាន់តែច្រើន។ គ្រូៗ និងមិត្តរួមក្រុមក៏ជួយជ្រោមជ្រែងច្រើន។ បងសាល (សឿយ វិសាល) ក៏ឧស្សាហ៍ជេរថា ឲ្យខ្ញុំដែរ តែគាត់ថា ក្នុងផ្លូវល្អ ចង់ឲ្យយើងល្អ រីកចម្រើនដែរទេ។”

សួន សុវណ្ណ ផ្ដើមអាជីពបាល់ទាត់ក្នុងឆ្នាំ២០១៦នៅស៊ីម៉ាក់យូណាយធីត និងចូលរួមជាមួយវេស្ទើនភ្នំពេញ ក្នុងជុំទី២ រដូវកាល២០១៧។ គេថា ក្លិបចាស់ទាំង២ក៏ជាចំណែកដ៏សំខាន់ដែរក្នុងអាជីពបាល់ទាត់របស់គេ។

កាលឆ្នាំ២០១៩ សួន សុវណ្ណ ត្រូវបានកោះហៅចូលបញ្ជីបឋមជម្រើសជាតិកម្ពុជា។ ទោះមិនបានឈានដល់បញ្ជីចុងក្រោយ កីឡាករមានកំណើតនៅខេត្តស្ទឹងត្រែងនៅតែរីករាយ និងចាត់ទុកជាបទពិសោធដ៏ល្អក្នុងអាជីព៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania