អ៊ីម វ៉ាឃីម “៖ខ្ញុំចំណាយពេលមួយឆ្នាំទើបបានលេងនៅក្រុមធំសូលទីឡូញឹកញាប់”

22 Apr 2021 12:38

980

Share :


ខ្សែការពារវ័យក្មេង អ៊ីម វ៉ាឃីម ត្រូវបានដំឡើងពីក្រុមយុវជនអាយុក្រោម១៨ឆ្នាំ សូលទីឡូអង្គរ ក្នុងរដូវកាល២០១៩ តែនៅឆ្នាំដដែលនោះ គេមិនសូវបានបង្ហាញខ្លួនឡើយ ដោយចូលលេងបានត្រឹមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន តទល់ខេត្តរតនគិរី និងជំនួបជាមួយកំពង់ចាម ក្នុងក្របខណ្ឌ Metfone Cambodian League ត្រឹម៣នាទីប៉ុណ្ណោះ។

កីឡាករវ័យ១៨ឆ្នាំទទួលស្គាល់ក្នុងរដូវកាលដំបូងរបស់ខ្លួន ពិតជាខ្វះបទពិសោធច្រើន និងមិនទាន់យល់របៀបលេងនៅក្រុមធំ។ គេថា បានចំណាយពេលមួយឆ្នាំដើម្បីពង្រឹងគ្រប់យ៉ាង ទើបមានឱកាសចូលលេងកាន់តែច្រើនក្នុងរដូវកាល២០២០។ 

វ៉ាឃីម ថ្លែងបែបនេះ “៖អាចនិយាយបានថា ពេលចូលលេងក្រុមធំដំបូង ខ្ញុំមិនទាន់មានបទពិសោធ មិនទាន់យល់ច្រើនពីរបៀបលេង។ កាលហ្នុងខ្ញុំបានលេងប្រកួតជាមួយរតនគិរីក្នុងពានសម្ដេច និង Metfone ជាមួយកំពង់ចាមបាន៣នាទី។ ខ្ញុំចំណាយពេលមួយឆ្នាំ ដល់ឆ្នាំ២០២០ បានអាចលេងបានច្រើន។ ឥឡូវខ្ញុំអាចមានបទពិសោទគ្រាន់បើជាងមុនពីការលេងក្នុងក្រុម និងតទល់ក្រុមឯទៀត។”

អ៊ីម វ៉ាឃីម ចាប់ផ្ដើមលេងបាល់ទាត់ក្នុងឆ្នាំ២០១៣ និងបានតំណាងឲ្យក្រុមសាលារបស់ខ្លួនក្នុងឆ្នាំ២០១៦។ មួយឆ្នាំក្រោយមក គេបានជាប់តេស្ដយុវជនសូលទីឡូអង្គរ អាយុក្រោម១៦ឆ្នាំ និង១៨ឆ្នាំដល់ឆ្នាំ២០១៨។ 

យុវជនមានកំណើតនៅខេត្តសៀមរាបពិតជារីករាយដែលសូលទីឡូអង្គរផ្ដល់ឱកាសច្រើនដល់កីឡាករក្មេងៗបានបង្ហាញសមត្ថភាពក្នុងការប្រកួតកម្រិតខ្ពស់។ គេថា នឹងព្យាយាមបង្កើនសមត្ថភាពដើម្បីក្លាយជាកីឡាករដ៏ល្អមួយរូបនាពេលអនាគត៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania