អតីតកីឡាករណាហ្គា មួង មករា ដកខ្លួនពីបាល់ទាត់សាជាថ្មី

23 Apr 2021 09:59

497

Share :


មួង មករា បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់អាជីពហើយតាំងពីដាច់រដូវកាល២០២០ម្ល៉េះ។ ការដកខ្លួនទាំងស្រុងនេះ ដោយសារតែភារកិច្ចក្នុងគ្រួសារ និងគម្រោងបើកអាជីវកម្មផ្ទាល់ខ្លួន។ 

អតីតកីឡាករធ្លាប់លេងនៅណាហ្គាវើលដ៍ពីរដូវកាល២០១៩ដល់២០២០បញ្ជាក់ថា គេត្រូវជួយមើលថែជីតាបង្កើតដែលមានវ័យជរាទៅហើយ។ ទន្ទឹមនេះគេមានគម្រោងបើកអាជីវកម្មផ្នែករចនាដោយខ្លួនឯងដែរ តែដោយសារបញ្ហាកូវីដ១៩ ក៏មិនទាន់អាចដំណើរការបាននៅឡើយ។

មករា លម្អិតបែបនេះ “៖និយាយទៅ រាល់ថ្ងៃខ្ញុំរវល់ជួយមើលថែជីតារបស់ខ្ញុំ។ ខ្ញុំនៅជាមួយគាត់តាំងពីបាតជើងក្រហមម្ល៉េះ អ៊ីចឹងខ្ញុំចង់សងគុណគាត់វិញ។ មានអ៊ំ ពូ មីង ទៀតដែរ តែពួកគាត់បែកផ្ទះគ្នាអស់។ រាល់ថ្ងៃខ្ញុំនៅជាមួយគាត់ និងបងប្អូនផ្សេងៗទៀត តែសុទ្ធតែស្រី មានប្រុសតែខ្ញុំម្នាក់អ៊ីចឹងណា។ ខ្ញុំជួយលើកគាត់ មុជទឹកជូនគាត់។ ខ្ញុំធ្វើបែបនេះយូរហើយតាំងពីនៅលេងបាល់ម្ល៉េះ។ តែដោយសារយើងរវល់បាល់ទាត់ផង អ៊ីចឹងអត់បានពេញដៃពេញជើង ខ្ញុំក៏សម្រេចចិត្តឈប់លេងតែម្ដង។ ម្យ៉ាងទៀត ខ្ញុំចង់បើករកស៊ីខ្លួនឯងផង តែអត់ទាន់ដំណើរការ ព្រោះកូវីដហ្នឹងឯង។”

តាមពិតទៅ អតីតខ្សែបម្រើដដែលធ្លាប់ផ្អាកពីបាល់ទាត់ម្ដងហើយក្នុងឆ្នាំ២០១៦ ដោយគេបានចូលធ្វើការជាអ្នករចនាប្លង់។ ប៉ុន្តែដោយសារតែមិនទាន់អស់ចិត្ត គេក៏វិលទៅរកបាល់ទាត់សាជាថ្មីក្នុងឆ្នាំ២០១៩ដោយចូលរួមជាមួយណាហ្គាវើលដ៍។

អតីតសិស្សវិទ្យាល័យទួលទំពូងធ្លាប់លេងឲ្យព្រះខ័នរាជស្វាយរៀងពីចន្លោះឆ្នាំ២០១៣ដល់២០១៦ ក្រោយបង្ហាញភាពលេចធ្លោនៅអាស៊ីអឺរ៉ុបយូណាយធីតក្នុងក្របខណ្ឌក១។
មួង មករា ដែលធ្លាប់ជាប់ជម្រើសជាតិ U19 និង U22 ផងនោះ បញ្ជាក់ថា ប្រសិនបើមានពេល គេនៅតែបន្តលេងបាល់ទាត់ម្ដងទៀត តែក្នុងក្រុមស្ម័គ្រចិត្តប៉ុណ្ណោះ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania