សុក វាសនា បង្ហើបមូលហេតុដាក់យុវជនចូលលេងច្រើន សម្រាប់ប្រកួតនៅសល់
04 Sep 2019 11:14 801

កាលជំនួបសប្ដាហ៍ទី២១ ពានរង្វាន់ Metfone Cambodian League 2019 ទល់នឹងក្លិបបាល់ទាត់ខេត្តកំពង់ចាម លោក សុក វាសនា គ្រូបង្វឹកអាស៊ីអឺរ៉ុបយូណាយធីត បានប្រើប្រាស់កីឡាករវ័យក្មេងជាច្រើនរូប ដែលពុំសូវមានឱកាសបង្ហាញមុខក្នុងប្រកួត ដោយបានអះអាងថា ចង់ឲ្យពួកគេពង្រឹងសមត្ថភាព និងស្រូបយកបទពិសោធ សម្រាប់ប្រកួតនៅសល់ក្នុងរដូវកាលនេះ។

«យើងដាក់គោលដៅអភិវឌ្ឍក្រុម អ៊ីចឹងទល់កំពង់ចាមកន្លងមក ដោយសារតែកីឡាករតំបន់ប្រយុទ្ធយើងរបួសច្រើនផង យើងក៏ផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេង ដែលគ្មានឱកាសលេងសោះស្ទើរតែ១រដូវកាលបានលេង។  ទិសដៅយើងផ្ដោតលើការដាក់ក្មេងៗលេង ព្រោះវាជាពេលវេលាមួយផ្ដល់បទពិសោធដល់ពួកគេ ដើម្បីពង្រឹងត្រៀមទៅកាន់រដូវកាលក្រោយទៀត»។

លោក សុក វាសនា បន្ថែមទៀតថា ពួកគេនឹងក្លាយជាកម្លាំងសំខាន់សម្រាប់អាស៊ីអឺរ៉ុប នៅរដូវកាលបន្ទាប់ ដ្បិតកីឡាករបរទេសភាគច្រើនតែងចាកចេញក្រោយចប់រដូវកាល។ ជាក់ស្ដែងកាលជុំទី១កន្លងទៅ អាស៊ីអឺរ៉ុបបានបញ្ចូលសមាជិកថ្មីលើសពី៥០ភាគរយ ដើម្បីបំពេញចំនួនកីឡាករខ្មែរ និងបរទេស ដែលបានទៅចូលរួមក្លិបដទៃ។

គួរជម្រាបថា ក្រោយបញ្ចប់សប្ដាហ៍ទី២១ អាស៊ីអឺរ៉ុបយូណាយធីតមាន២៧ពិន្ទុ ពីការឈ្នះ៨ ស្មើ៣ និងចាញ់១០ បន្តឈរនៅចំណាត់ថ្នាក់លេខ៨ នៃតារាងចំណាត់ថ្នាក់។ ក្រោយសម្រាកដើម្បីទុកឱកាសឲ្យក្រុមជម្រើសជាតិ អាស៊ីអឺរ៉ុបនឹងត្រូវទៅជួបបឹងកេត នៅកីឡដ្ឋាន Cambodia Airways នាថ្ងៃអាទិត្យ ទី១៥ កញ្ញាខាងមុខ៕

 

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania