ប្រាក់ មុន្នីឧត្តម ប្រាប់ពីសកម្មភាពហ្វឹកហាត់អំឡុងការសម្រាកនេះ

28 Apr 2021 10:53

507

Share :


ដូចបានដឹងហើយថា ការប្រកួតបាល់ទាត់ Metfone Cambodian League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានផ្អាកជាបណ្ដោះអាសន្នដើម្បីជាការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ អំឡុងនេះ ក្រុមនីមួយៗបានរៀបចំកម្មវិធីផ្សេងៗគ្នាដើម្បីរក្សាគុណផលកីឡាករ។

សម្រាប់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងវិញ ខ្សែបម្រើ ប្រាក់ មុន្នីឧត្តម ប្រាប់ថា មានការហ្វឹកហាត់ជុំវិញតាមប្រព័ន្ធអនឡាញរៀងរាល់សប្ដាហ៍ ដែលក្នុងនោះចែកចេញជាលំហាត់ផ្សេងៗ។ ទន្ទឹមនឹងនេះ ក្រៅពីហ្វឹកហាត់ជាមួយក្រុមតាមប្រព័ន្ធអនឡាញ គេក៏មានការហ្វឹកហាត់ដោយឡែកខ្លួនឯងដែរ។

កីឡាករជម្រើសជាតិកម្ពុជាដដែលរៀបរាប់បែបនេះ “៖និយាយទៅក្នុងមួយសប្ដាហ៍យើងមានការហ្វឹកហាត់ជុំគ្នាតាម Zoom ដោយថ្ងៃខ្លះយើងហាត់អំណត់ ថ្ងៃខ្លះចង្វាក់បេះដូង និងថ្ងៃខ្លះយើងហាត់សាច់ដុំដើម្បីរក្សា fitness របស់យើង។ ក្នុងមួយសប្ដាហ៍ៗ យើងហាត់៥ថ្ងៃ ដោយសម្រាកថ្ងៃសៅរ៍ និងអាទិត្យ តែយើងម្នាក់ៗក៏អាចហាត់បន្ថែមខ្លួនឯងដែរ។ សម្រាប់ខ្ញុំវិញពេលខ្លះហាត់ជាមួយក្លិបហើយ ពេលថ្ងៃទំនេរហាត់ខ្លួនឯង រត់មុខផ្ទះ រត់ម៉ាស៊ីនក្នុងផ្ទះអ៊ីចឹងទៅ អំឡុងសម្រាកដោយសារកូវីដ១៩នេះ។”

ប្រាក់ មុន្នីឧត្តម ទទួលស្គាល់ថា ការហ្វឹកហាត់នៅផ្ទះដោយខ្លួនឯងមិនបានពេញលេញដូចហ្វឹកហាត់ជុំគ្នាលើទីលានដោយផ្ទាល់ឡើយ។ តែយ៉ាងណា គេយល់ថា ការបន្តហ្វឹកហាត់ខ្លួនឯងបែបនេះក៏អាចរក្សាកាយសម្បទាបានពីចន្លោះ៦០ទៅ៧០ភាគរយដែរ។ ចំណែកក្រុមការងារគ្រូក៏តាមដានការហ្វឹកហាត់របស់កីឡាករទាំងអស់រៀងរាល់សប្ដាហ៍ដូចគ្នា។

គួរបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង ប្រកួតបាន៣លើកហើយក្នុងក្របខណ្ឌ Metfone Cambodian League 2021នេះ ដោយមាន៩ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ២៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania