លោក ខូវ ឆាយ “៖ពលរដ្ឋណាខ្វះខាតពិតប្រាកដអាចទាក់ទងក្លិបយើង ទទួលអំណោយបាន”

29 Apr 2021 13:27

495

Share :


សមាគមកីឡាបាល់ទាត់កងយោពលខេមរភូមិន្ទនាពេលថ្មីៗនេះបានរៀបចំកម្មវិធីចែកស្បៀងអាហារដល់ប្រជាពលរដ្ឋទីទ័ល ជាពិសេសអ្នករស់នៅក្នុងតំបន់បិទខ្ទប់នារាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល អំឡុងការទប់ស្កាត់ការរីករាលជំងឺកូវីដ១៩។

លោក ខូវ ឆាយ អគ្គលេខាធិការក្រុមហៅកាត់ Tiffy Army ប្រាប់ថា ការចែកអំណោយនេះធ្វើឡើងសំដៅចំពោះអ្នកមានបញ្ហាខ្វះខាតជាក់ស្ដែងតែម្ដង មិនមែនប្រគល់ដល់ពលរដ្ឋទូទៅទេ។ សម្រាប់អ្នកត្រូវការ អាចទាក់ទងទៅក្លិបរបស់លោកបាន ឬក៏មាននរណាស្គាល់ពលរដ្ឋដែលខ្វះខាត អាចផ្ដល់ជាព័ត៌មាន នោះក្រុមការងារនឹងនាំយកទៅប្រគល់ដោយផ្ទាល់តែម្ដង។

លោក ខូវ ឆាយ លម្អិតបែបនេះ “៖កម្មវិធីហ្នឹង គឺយើងចែកចំពោះអ្នកខ្វះខាតជាក់ស្ដែង។ យើងចែកដុំៗ មួយៗ មិនមែនលក្ខណៈចែកម្ដងទាំងអស់ទេ។ យើងចែកអ្នកខ្វះខាតជាក់ស្ដែង មួយគ្រួសារ ពីរគ្រួសារក្នុងភូមិមួយៗ សង្កាត់មួយ លក្ខណៈរាយប៉ាយក្នុងរាជធានីភ្នំពេញ។ គាត់អាចទាក់ទងមកយើងបាន ឬក៏មានអ្នកណាស្គាល់អី អាចផ្ដល់ដំណឹងមកយើង យើងនឹងយកទៅចែកជូនពួកគាត់ផ្ទាល់តែម្ដង។”

គួរបញ្ជាក់ថា កម្មវិធីចែកស្បៀងអាហារអំឡុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាលនេះត្រូវបានផ្ដួចផ្ដើមដោយលោក សុប៉ាឆៃ វីរៈភូជុង្គ ដែលជាប្រធានគណៈកម្មការទ្រទ្រង់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ ទន្ទឹមនឹងនេះ ក្លិបក៏បានបើកទទួលការចូលរួមថវិកាពីសប្បុរសជននានាដែលមានបំណងរួមចំណែកក្នុងកម្មវិធីសប្បុរសធម៌នេះដែរ។

ក្រៅពីសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក៏មានក្រុមកីឡាមួយចំនួនទៀត ដូចជាក្លិបគិរីវង់សុខសែនជ័យ, ក្រុមអធិរាជដំរីឦសានខេត្តរតនគិរី ជាដើមបានរៀបចំកម្មវិធីសប្បុរសធម៌អំឡុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania