ប្រាក់ មុន្នីឧត្តម ៖ ពេទ្យឲ្យខ្ញុំសម្រាកពីរសប្ដាហ៍ទៀត
05 Sep 2019 11:42 862

ខ្សែបម្រើឆ្នើម ប្រាក់ មុន្នីឧត្តម ប្រាប់ CNCC ថា ត្រូវការសម្រាកព្យាបាលរបួសកជើងដែលកើតឡើងតាំងពីជំនួបជាមួយកំពង់ចាម ចំនួនពីរសប្ដាហ៍បន្ថែមទៀតដើម្បីឲ្យឆាប់ធូរស្បើយ និងអាចវិលទៅហ្វឹកហាត់ជាមួយមិត្តរួមក្រុមព្រះខ័នរាជស្វាយរៀងវិញ។

អវត្តមានដោយសាររបួសនេះបានធ្វើឲ្យម្ចាស់អាវលេខ៧របូតកៅអីក្នុងក្រុមជម្រើសជាតិកម្ពុជា ជម្រុះ FIFA World Cup 2022 ជាមួយហុងកុង និងបារ៉ែន នៅរាជធានីភ្នំពេញ។ ឧត្តម សង្កត់ធ្ងន់ថា ក្រុមគ្រូពេទ្យតម្រូវឲ្យគេសម្រាកបន្ថែមទៀតសិន។

ប្រាក់ មុន្នីឧត្តម រៀបរាប់ ៖”បានធូរខ្លះហើយបង តែពេទ្យឲ្យសម្រាកពីរអាទិត្យទៀត។ ពីរអាទិត្យអីទៀតទើបបានចូលហាត់ជាមួយគេវិញបង។ឥឡូវបានត្រឹម Gym អីតិចតួចប៉ុណ្ណឹង។ របួសហ្នឹងកើតឡើងតាំងពីពេលលេងជាមួយកំពង់ចាម ហើយកាលហ្នុងដូរចូលតង់ទីពីរ បានត្រឹម៥នាទីក៏ភ្លាត់ក្រឡាច់កជើង អ៊ីចឹងក្រុមខ្ញុំក៏លេងតែ១០នាក់រហូតដល់ចប់ តែបាននាំមុខ៥-០ដែរហើយ”។

ក្មួយប្រុសលោក ប្រាក់ សុវណ្ណារ៉ា ដដែលបញ្ជាក់ថា ទោះអាចហ្វឹកហាត់វិញបាននៅពីរសប្ដាហ៍ក្រោយ គេគិតថា នឹងមិនអាចទាន់ជម្រុះ FIFA World Cup 2022 នៅខែតុលា ខាងមុខជាថ្មីទេ ព្រោះត្រូវការពង្រឹងកាយសម្បទាឲ្យមានលក្ខណៈពេញលេញជាមុនសិន។ 

ជាមួយគ្នានេះ លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង ក៏បានបង្ហាញអារម្មណ៍ស្ដាយចំពោះអវត្តមានរបស់ប្រាក់ មុន្នីឧត្តម ក្នុងក្រុមជម្រើសជាតិផងដែរ៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania