នេន សុធារដ្ឋ “៖ចេញពីទ្រនំយូរឆ្នាំមិនមែនរឿងងាយ តែមិនបានលេងជាប់លាប់ក៏ពិបាកដូចគ្នា”

06 May 2021 09:42

818

Share :


មិនមែនជារឿងងាយស្រួលទេសម្រាប់ នេន សុធារដ្ឋ ក្នុងការចាកចេញពីព្រះខ័នរាជស្វាយរៀងដែលគេបានរួមរស់តាំងពីនៅថ្នាលយុវជនរហូតដល់ក្រុមធំជាច្រើនឆ្នាំ។ គេពិតជាមានអារម្មណ៍ស្ដាយចំពោះស្នាដៃដែលធ្លាប់រួមចំណែកពីមុនមក។ 

យ៉ាងណា ការបង្ហាញខ្លួនតិចតួចនៅក្លិបចាស់ក៏ជារឿងលំបាកមួយអាចរារាំងឱកាសវិលទៅកាន់ក្រុមជម្រើសជាតិ ដែលគេខកខានចូលរួមតាំងពីចប់យុទ្ធនាការ AFF Suzuki Cup 2018។

សុធារដ្ឋ រំឭកកាលទើបចាកចេញពីព្រះខ័នរាជស្វាយរៀង និងចូលរួមជាមួយណាហ្គាវើលដ៍បែបនេះ “៖ហ្នឹងហើយបងពេលចេញពីក្លិបចាស់ដែលយើងរស់នៅរយៈពេលយូរអ៊ីចឹង មានអារម្មណ៍ថាស្ដាយ និងពិបាកចិត្ត  ព្រោះយើងរស់នៅយូរ ហើយទទួលបានសមិទ្ធផលដ៏ច្រើនដែរ។ តែនេះជាបាល់ទាត់ ប្រសិនបើយើងមិនបានលេងជាប់លាប់ អ៊ីចឹងវាពិបាកក្នុងពេលប្រកួតដែលគ្រូដាក់ឲ្យលេងបង ជាពិសេសក្នុងការចង់ត្រឡប់ទៅជាប់ក្នុងក្រុមជម្រើសជាតិវិញ។” 

ចំពោះការផ្លាស់ទៅកាន់ក្លិបថ្មី ខ្សែការពារដដែលបានបង្ហាញចំណាប់អារម្មណ៍បែបនេះ “៖ ទាំងថ្នាក់ដឹកនាំ លោកគ្រូ និងកីឡាករទាំងអស់ គឺពួកគាត់ទទួលខ្ញុំយ៉ាងយកចិត្តទុកដាក់ និងរីករាយ។ ចំណែកបរិយាកាសជុំវិញខ្លួនគឺប្លែកមែនទែនបង គឺពួកគាត់ព្យាយាមពិភាក្សាជាមួយខ្ញុំ មិនថាកីឡាករចាស់ៗ និងក្មេងៗទេតែងតែប្រាប់ដាស់តឿនពីចំណុចខ្លាំង និងចំណុចខ្សោយរបស់យើង ភាគច្រើនមុនហាត់ និងក្រោយហាត់។ សម្រាប់ការសម្របខ្លួនជាមួយពួកគាត់បានល្អ គឺខ្ញុំបានចំណាយពេលប្រហែលជាពីរទៅបីសប្ដាហ៍បង។”

នេន សុធារដ្ឋ ត្រូវបានដំឡើងចូលក្រុមធំព្រះខ័នរាជស្វាយរៀង ក្នុងឆ្នាំ២០១១ មុនផ្ទេរផ្ដាច់ទៅណាហ្គាវើលដ៍ក្នុងរដូវកាល២០២១នេះ។ រយៈពេល៩ឆ្នាំនៅស្វាយរៀង គេរួមចំណែកឈ្នះពានរង្វាន់ Metfone Cambodian League ២០១៣ និង២០១៩ ព្រមទាំងជើងឯកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ ២០១១, ២០១២, ២០១៥ និង២០១៧។ 

គេក៏បានរួមចំណែកនាំក្រុមធំជម្រើសជាតិកម្ពុជាឆ្លងដល់វគ្គ ចែកពូល AFF Suzuki Cup 2016, 2018 និងវគ្គជម្រុះជុំទី២ FIFA World Cup 2018 ជាដើម ព្រមទាំងការប្រកួតសំខាន់ៗមួយចំនួនទៀត៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania