លោក មាស ចាន់ណា មើលឃើញចំណុចពិសេសមួយពេលមានការប្រកួតមមាញឹក

07 May 2021 16:31

463

Share :


ជាធម្មតា ប្រសិនបើមានការប្រកួតញឹកញាប់ ក្រុមមួយៗអាចនឹងជួបការលំបាក ជាពិសេសការមានរបួសរបស់កីឡាករ។ សម្រាប់បញ្ហានេះ លោក មាស ចាន់ណា គ្រូបង្គោលណាហ្គាវើលដ៍ទទួលស្គាល់ថា ពិតជាពិបាក ព្រោះកីឡាករអាចប្រឈមនឹងរបួស។ យ៉ាងណា លោកគិតថា វាក៏ល្អម្យ៉ាងដើម្បីផ្ដល់បទពិសោធដល់យុវជន។

លោក មាស ចាន់ណា យល់ឃើញបែបនេះ << ៖ ការលេងញឹកគ្នា វាល្អសម្រាប់យុវជន អាចមានឱកាសបានលេង។ យើងមិនអាចដាក់ក្រុមទី១លេងថ្ងៃពុធហើយ ក្រុមដដែលហ្នឹងទៅលេងថ្ងៃសៅរ៍ទៀតទេ។ អាចយ៉ាងហោចណាស់ យើងដោះដូរ២ទៅ៣នាក់ដែរយ៉ាងតិចបំផុតសម្រាប់ការប្រកួតបន្ទាប់ទៀត។ អ៊ីចឹងប្រសិនបើមានការប្រកួតញឹក ឬមួយអាទិត្យដល់ទៅ២ដង អាចជាឱកាសដល់យុវជនបានលេង យើងត្រូវតែដាក់កីឡាករផ្សេងឲ្យលេងអ៊ីចឹងហើយ។ យើងមិនអាចឲ្យលេងជាប់គ្នាបានទេ។ អាហ្នឹងជាចំណុចល្អមួយសម្រាប់យុវជន។ យ៉ាងណា ប្រសិនបើលេងជាប់ៗគ្នាពេក ចំណុចមិនល្អនោះ គឺកីឡាករប្រាកដជាអាចមានរបួសហើយ។ ប៉ុន្តែ ប្រសិនបើរៀបចំក្រុមបានល្អត្រឹមត្រូវ ផ្លាស់ប្ដូរកីឡាករលេងបានល្អត្រឹមត្រូវ ការមានរបួសហ្នឹង ក៏វាកាត់បន្ថយខ្លះដែរ។>> 

ចំពោះក្រុមណាហ្គាវើលដ៍ផ្ទាល់វិញ លោក មាស ចាន់ណា បញ្ជាក់ថា មានកីឡាករគ្រប់គ្រាន់រ៉ាប់រងបាន តែក៏មិនធានាថា អាចរកបានលទ្ធផលបានល្អឬក៏អត់ទេ។ លោកសង្កត់ធ្ងន់ថា ក្នុងបរិបទអភិវឌ្ឍន៍យុវជន គេមិនអាចសម្លឹករកលទ្ធផលវិជ្ជមានដូចការប្រកួតក្រុមធំបានទេ។ 

គ្រូបង្វឹកកម្រិត A-License រៀបរាប់បន្ថែម << ៖ សម្រាប់ការប្រកួតញឹក ក្រុមយើងទាំងមូលអាចរ៉ាប់រងបាន តែលទ្ធផលអត់ដឹងថាម៉េចទេ ដោយសារជាទូទៅ យើងចង់អភិវឌ្ឍយុវជន ទាល់តែយើងកុំគិតលទ្ធផល អាហ្នឹងជាគោលការណ៍។ បើអភិវឌ្ឍយុវជនហើយ យើងគិតលទ្ធផលទៀត អាហ្នឹងអត់អាចដើរទន្ទឹមគ្នាបានទេ។ សម្រាប់ក្រុមខ្ញុំអត់បញ្ហាទេ ព្រោះមានកីឡាករយុវជនដែលអាចលេងបានដែរ អ៊ីចឹងយើងអាចដោះដូរពួកគាត់លេងក្នុងការប្រកួតមួយសប្ដាហ៍២ដងនេះ។”

គួរដឹងដែរថា ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League រដូវកាល២០២១ ត្រូវបានលើកពេលតាំងពីដើមខែមេសា ម្ល៉េះដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។ ការប្រកួតគ្រោងត្រលប់មកវិញឆាប់ៗ ប៉ុន្តែក្រុមនីមួយក៏អាចប្រឈមនឹងភាពមមាញឹកខ្លាំងជាងមុន ដោយសារតែការលើកពេលបន្តបន្ទាប់កន្លងមក៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania