អ៊ាន ពិសី “៖លើកទីមួយហើយដែលខ្ញុំរបួសដូចប៉ះអគ្គិសនី ហើយចំថ្ងៃដំបូងនៅក្លិបធំទៀត”

11 May 2021 12:56

646

Share :


គេចាំបានថា ខ្សែបម្រើវ៍យក្មេង អ៊ាន ពិសី បានរងរបួសក្នុងវគ្គទីមួយពេលបង្ហាញខ្លួនលើកដំបូងក្នុងក្រុមថ្មីព្រះខ័នរាជស្វាយរៀង តទល់អគ្គិសនីកម្ពុជា ក្នុងការប្រកួត Metfone Cambodian League រដូវកាល២០២១ កាលដើមខែមីនា។ គេត្រូវបានប្ដូរចេញតែម្ដងដោយសារបញ្ហាកជើង និងត្រូវអវត្តមានក្នុងការប្រកួតបន្តបន្ទាប់មក។

យុវជនផ្ទេរពីសាលាបាល់ទាត់ជាតិបាទីទទូចថា ជាលើកទីមួយហើយដែលមានបញ្ហារបួសដល់ថ្នាក់នេះ ហើយអ្វីកាន់តែចំជួនគ្នាទៀតនោះកើតឡើងក្នុងប្រកួតដំបូងសម្រាប់ក្លិបធំដូចព្រះខ័នរាជស្វាយរៀង ហើយគេក៏ជាប់ជម្រើស១១នាក់ដំបូងថែមទៀតនាពេលនោះ។ យ៉ាងណា គេទទួលស្គាល់ថា ជារឿងធម្មតាទៅហើយក្នុងបាល់ទាត់។

អ៊ាន ពិសី រំឭកបែបនេះ “៖កាលពីមុនអត់ធ្លាប់ជួបអ៊ីចឹងទេ ទើបលើកទីមួយ មកក្លិបធំហើយ ប្រកួតលើកទីមួយទៀត។ មានអារម្មណ៍ពិបាកដែរ។ របួសកជើង តែវាធម្មតាទេក្នុងបាល់ទាត់។ វាមិនប៉ះពាល់ទឹកចិត្តខ្ញុំទេ ព្រោះបាល់ទាត់វាតែងតែមានអ៊ីចឹង។”

កីឡាករមានកំណើតនៅខេត្តតាកែវបញ្ជាក់ថា បានធូរស្បើយពីរបួសកជើងច្រើនហើយ និងកំពុងហ្វឹកហាត់បន្ថែមលើកាយសម្បទា។ រយៈពេលមួយខែទៀត គេអាចនឹងវិលចូលទីលានហ្វឹកហាត់ខ្លាំងដូចធម្មតាវិញ។

ជុំវិញការចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ពិសី រំពឹងថា អាចមានឱកាសបង្ហាញខ្លួនបានច្រើន ព្រោះក្លិបក៏ផ្ដល់ឱកាសច្រើនដល់យុវជន។ ម្យ៉ាង គេបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងដើម្បីមានឱកាសចូលលេង។ 

គួរដឹងដែរថា អ៊ាន ពិសី បានចូលរួមជាមួយសាលាបាល់ទាត់ជាតិបាទីកាលឆ្នាំ២០១៦ និងបានជាប់ជម្រើសជាតិពីអាយុពី១៥ឆ្នាំដល់១៩ឆ្នាំ។ គេបានរួមចំណែកជួយ U19 កម្ពុជា ឆ្លងផុតវគ្គជម្រុះ AFC U19 Championship 2020 ចូលដល់ជុំចុងក្រោយនៅអ៊ូបេគីស្ថាន។ ជាអកុសល ការប្រកួតយុវជនកម្រិតទ្វីបមួយនេះត្រូវបានលុបចោលដោយសារបញ្ហាកូវីដ១៩៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania