Booysen ប្រាប់ពីស្ថានភាពផ្ទាល់ខ្លួនក្រោយស្បើយពីបញ្ហាសុខភាព

14 May 2021 12:21

563

Share :


ខ្សែប្រយុទ្ធក្លិបនគរបាលជាតិ Shane Booysen ប្រាប់ថា គេអាចហ្វឹកហាត់ដោយខ្លួនឯងវិញបានហើយ ក្រោយធូរស្បើយពីបញ្ហាសុខភាពពាក់ព័ន្ធនឹងសរសៃឈាមខួរក្បាលដែលកើតឡើងនៅដើមខែមេសា កន្លងទៅ។ គេថា បច្ចុប្បន្ន ពុំមានការធ្វើទុក្ខអ្វីទៀតទេ។

យ៉ាងណា កីឡាករមកពីអាហ្វ្រិកខាងត្បូងបញ្ជាក់ថា ត្រូវទៅពិនិត្យនៅមន្ទីរពេទ្យជាលើកចុងក្រោយនៅថ្ងៃសៅរ៍សប្ដាហ៍នេះដើម្បីមើលថា ស្ថានភាពសុខភាពរបស់គេ១០០ភាគរយហើយឬនៅ។ ប្រសិនបើមិនមានអ្វីជាកង្វល់ នោះគេនឹងចូលហ្វឹកហាត់ជាមួយសមាជិកក្រុមនៅថ្ងៃចន្ទ សប្ដាហ៍ក្រោយ។

Booysen រៀបរាប់លម្អិត “៖ខ្ញុំនៅហាត់ដោយខ្លួនឯងនៅឡើយ ហើយត្រូវទៅពិនិត្យនៅមន្ទីរពេទ្យម្ដងទៀតជាលើកចុងក្រោយ។ ប្រសិនបើវេជ្ជបណ្ឌិតពិនិត្យឃើញថា ស្ថានភាពសុខភាពខ្ញុំពេញលេញឡើងវិញ អ៊ីចឹងប្រហែលថ្ងៃចន្ទអីខ្ញុំអាចហាត់ជាមួយក្រុមវិញហើយ។ សម្រាប់សប្ដាហ៍ហ្នឹង ខ្ញុំមិនទាន់បានហាត់ មិនទាន់បានលេងនៅឡើយទេ។ ឥឡូវហ្នឹងសុខសប្បាយទេ អត់ឈឺ អត់អីទេ បានហាត់ខ្លួនឯង២-៣សប្ដាហ៍ហើយ ថ្ងៃសៅរ៍ហ្នឹងខ្ញុំទៅជួបពេទ្យ។”

ក្នុងដំណើរវិលទៅចូលរួមជាមួយនគរបាលជាតិសាជាថ្មីក្នុងរដូវកាល២០២១នេះ Shane Booysen ទើបបង្ហាញខ្លួនបាន២ប្រកួត ដោយរកគ្រាប់បាល់បញ្ចូលទីបានមួយគ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមបានមួយលើក។

នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ក្រុមលោកគ្រូ អ៊ុង កនយ៉ានិត នឹងជួបប្រកួតជាមួយវិសាខា ក្នុងការប្រកួត ក្របខណ្ឌ Metfone Cambodian League ២០២១។ នេះជាការចាប់ផ្ដើមដំណើរការប្រកួតសាជាថ្មី ក្រោយបញ្ចប់ការបិទខ្ទប់ដើម្បីបង្ការការរាលដាលជំងឺកូវីដ១៩។ ដោយឡែក ចាប់តាំងពីចូលរដូវកាលថ្មីមក វិសាខាទើបតែប្រកួតបានមួយលើកប៉ុណ្ណោះ ខណៈនគរបាលជាតិ ឆ្លងកាត់ការប្រកួត៣ដងមកហើយ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania