សុះ ស៊ូហាណា “៖ក្រុមគ្រួសារ និងអ្នកភូមិតែងតែលើកទឹកចិត្តខ្ញុំរហូតមក”

14 May 2021 16:27

576

Share :


ខ្សែបម្រើណាហ្គាវើលដ៍ សុះ ស៊ូហាណា ថ្លែងថា ទាំងក្រុមទាំងគ្រួសារ និងអ្នកភូមិជាច្រើននៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅតែងតែផ្ដល់កម្លាំងចិត្តដល់គេរហូត ហើយគេពិតជាមានមោទកភាពក្នុងនាមអ្នកភូមិព្រែកតាពៅដែលបានជាប់ជម្រើសជាតិបានច្រើនឆ្នាំ និងមានឱកាសលេងនៅក្លិបធំៗ។

កីឡាករវ័យ២៩ឆ្នាំរៀបរាប់ “៖ក្រុមគ្រួសារតែងតែជំរុញទឹកចិត្តឲ្យខិតខំ ព្រោះបានដើរដល់ផ្លូវនេះហើយ។ ណាមួយ គ្រួសារក៏ពឹងលើយើង មានតែយើងដែលជួយជីវភាពគ្រាន់បើជាងមុន។ អ្នកភូមិក៏លើកទឹកចិត្តឲ្យប្រឹង ព្រោះមានតែយើងម្នាក់ទេដែលបានជាប់ជម្រើសជាតិបានយូរ និងបានលេងក្រុមធំៗបែបនេះ។”

សុះ ស៊ូហាណា បានផ្ដើមការហ្វឹកហាត់បាល់ទាត់នៅក្រុមព្រែកប្រាកីឡាតាំងពីក្រុមថ្នាលដល់ក្រុមធំ និងរួមចំណែកឡើងទៅកាន់ក្របខណ្ឌ Metfone Cambodian League រដូវកាល២០១០។ 

ក្រោយធ្លាក់ពីក្របខណ្ឌកំពូលនាដំណាច់រដូវកាល២០១១ គេត្រូវបានភ្នំពេញក្រោនផ្ទេរយក (បានរួមឈ្នះជើងឯក MCL 2014 & 2015 នៅភ្នំពេញក្រោន) រហូតដល់ឆ្នាំ២០១៦ក៏ផ្លាស់ទៅណាហ្គាវើលដ៍ដល់បច្ចុប្បន្ន (បានរួមចំណែកឈ្នះជើងឯក MCL 2018 នៅណាហ្គាវើលដ៍)។ និយាយពីក្រុមជម្រើសជាតិវិញ ខ្សែបម្រើរូបនេះបានជាប់ក្រុមធំដំបូងក្នុងឆ្នាំ២០១១ វគ្គជម្រុះ FIFA World Cup 2014 ជុំទីមួយ ហើយក៏បន្តចូលរួមព្រឹត្តិការណ៍អន្តរជាតិធំៗដូចជា SEA Games ,AFF Suzuki Cup និងការប្រកួតសំខាន់ៗមួយចំនួនទៀត។

សុះ ស៊ូហាណា បន្ថែមថា បានព្យាយាមរៀបចំខ្លួនឲ្យល្អទាំងការហ្វឹកហាត់ និងការប្រកួត ទើបមិនសូវមានបញ្ហារបួស និងអាចរក្សាគុណភាពបានយូរ។ ម្យ៉ាងទៀត បច្ចុប្បន្នក៏ផ្ដោតខ្លាំងលើកម្លាំងផងដែរ ព្រោះវ័យរបស់គេកាន់តែច្រើនទៅហើយ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania