គិរីវង់រំពឹងកើនអ្នកគាំទ្រ ក្រោយដាវ នីម ជាប់ជម្រើសជាតិ
06 Sep 2019 11:14 691

លោក ឌុក វាសនា អ្នកចាត់ការក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានបង្ហាញក្ដីរំពឹងថា ការជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា ជម្រុះ FIFA World Cup 2022 នឹងក្លាយជាចលករសំខាន់ស្រូបទាញកំណើនអ្នកគាំទ្រក្លិបបន្ថែមទៀត។ 

ថ្នាក់ដឹកនាំខាងលើបានចាត់ទុកការកោះហៅដ៏សំខាន់នេះជាមោទកភាពសម្រាប់ក្លិប និងអ្នកតាកែវទាំងមូល ហើយថា វាបានពីការរួមចំណែកពីសមាជិកក្រុមទាំងអស់ដែរ។ 

លោក ឌុក វាសនា លើកឡើងបែបនេះ ៖”ការជាប់ជម្រើសជាតិរបស់ដាវ នីម ជាមោទកភាពសម្រាប់ក្លិបគិរីវង់សុខសែនជ័យរបស់យើង និងសម្រាប់អ្នកគាំទ្រនៅខេត្តតាកែវដែរ។ វាកើតចេញពីការប្រឹងប្រែងរបស់ផ្ទាល់ និងសមាជិកក្រុមទាំងអស់ដែលបានរួមចំណែកជួយជ្រោមជ្រែងគាត់។ អ៊ីចឹងយើងសង្ឃឹមថា នៅពេលដាវ នីម ជាប់ជម្រើសជាតិអ៊ីចឹង នឹងទាក់ទាញអ្នកគាំទ្រយើងកាន់តែច្រើនឡើងៗ”។

គួរដឹងដែរថា ដាវ នីម ត្រូវបានបញ្ចូលក្នុងបញ្ជី២៥នាក់ត្រៀមជម្រុះ FIFA World Cup 2022 ដំណាក់កាលទីពីរ ជាមួយហុងកុង និងបារ៉ែន។ ខ្សែប្រយុទ្ធរូបនេះក៏ធ្លាប់ជាប់បញ្ជីបឋម កាលជម្រុះជាមួយប៉ាគីស្ថាន អំឡុងខែមិថុនា កន្លងទៅ។

ដោយឡែក គិតត្រឹមសប្ដាហ៍ទី២១ ដាវ នីម រកបាន១៣គ្រាប់នៅក្របខណ្ឌ Metfone Cambodian League៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania