Romario “៖១២ថ្ងៃហើយដែលយើងហាត់មិនស្រាកស្រាន្ដ”

15 May 2021 14:38

340

Share :


មានរយៈពេល១២ថ្ងៃហើយដែលកីឡាករសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានជួបជុំហ្វឹកហាត់ជាមួយគ្នាសាជាថ្មីត្រៀមការវិលត្រលប់នៃក្របខណ្ឌ Metfone Cambodian League ក្រោយសម្រាករយៈពេលជាងមួយខែដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។ នេះបើតាមការឲ្យដឹងពីខ្សែបម្រើប្រយុទ្ធ Romario Alves។

កីឡាករជនជាតិប្រេស៊ីលបញ្ជាក់ថា ក្នុងរយៈពេល១២ថ្ងៃចុងក្រោយនេះ សមាជិកគ្រប់រូបបានហ្វឹកហាត់ខ្លាំងមិនរួញរាឡើយ ដោយផ្ដោតទាំងកម្លាំង និងកាយសម្បទាដើម្បីត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា នេះ តទល់ណាហ្គាវើលដ៍។

Romario លម្អិត “៖ យើងពិតជាប្ដេជ្ញាចិត្តខ្ពស់ក្នុងការរៀបចំខ្លួន បន្ទាប់ពីការសម្រាករយៈពេលវែងបានបញ្ចប់។ យើងបានហ្វឹកហាត់ជាប់ៗគ្នា១២ថ្ងៃហើយ ដូច្នេះយើងអាចរៀបចំខ្លួនបានល្អ និងប្រកួតប្រជែងបាន។ ក្នុងរយៈពេល១២ថ្ងៃជាប់ៗគ្នានេះ យើងមិនបានសម្រាកទេ ព្រោះត្រូវតែពង្រឹងខ្លួនឲ្យបានល្អដើម្បីធានាថា យើងអាចស្ថិតក្នុងលក្ខខណ្ឌដ៏ល្អសម្រាប់ការប្រកួតថ្ងៃនេះ។”

ជំនួបរវាងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងណាហ្គាវើលដ៍នឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន AEU Sports Park ម៉ោង៣និង៣០នាទីរសៀល។ សម្រាប់ណាហ្គាវើលដ៍ ប្រកួតបាន៣ដង មាន៦ពិន្ទុ ដោយឈ្នះ២ និងចាញ់១ ឈរលេខ៦។ ចំណែក សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ប្រកួតបាន៤ដង ដោយឈ្នះ២ ស្មើ១ និងចាញ់១ មាន៧ពិន្ទុ ស្ថិតនៅលេខ៤៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania