វិសាខាបានត្រឹមមួយពិន្ទុពីនគរបាលជាតិ ខណៈទ័ពតាមស្មើណាហ្គាចុងម៉ោង

15 May 2021 20:09

518

Share :


សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានវាយបកពីការនាំមុខ២គ្រាប់របស់ណហា្គវើលដ៍ឈានទៅស្មើគ្នា២ទល់នឹង២ក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល២០២១ ដែលបានវិលត្រលប់ជាថ្មីក្រោយសម្រាកជាងមួយខែ។ ក្នុងជំនួបលើវាលស្មៅកីឡដ្ឋាន AEU Sports Park ណាហ្គាវើលដ៍បានបើកការនាំមុខមុនក្នុងនាទី១៦ពីការតែតបន្ថែមបញ្ចូលទីដោយខ្សែការពារ រៀម ស៊ឹង។ លទ្ធផល១ទល់នឹង០បានបន្តដល់ចប់វគ្គទី០១។

ចូលដល់វគ្គទី២នាទី៦៩ សុះ ស៊ូហាណា បានតែតបញ្ចូលទីពីការលើកហ្វ្រីឃីកដោយ Fumiya Kogure បន្ថែមការនាំមុខសម្រាប់ក្រុមលោក មាស ចាន់ណា។ យ៉ាងណា ដល់នាទី៨៥ ខ្សែប្រយុទ្ធប្រេស៊ីល Cristiano Santos បានទាត់បាល់ពិន័យ១១ម៉ែត្របញ្ចូលទីយ៉ាងល្អ ក្រោយបាល់ប៉ះដៃ ឃឹម បូរី របស់ណាហ្គាវើលដ៍ក្នុងប្រអប់អ្នកចាំទី។ គ្រាប់បាល់តាមស្មើបានសម្រេចរបស់ទ័ពកើតឡើងក្នុងនាទី៩០ ដោយការតែតបញ្ចូលទីពីខ្សែបម្រើជប៉ុន Yuta Kikuchi។

នៅកីឡដ្ឋាន Prince ឯណោះវិញ ម្ចាស់ផ្ទះវិសាខាបានត្រឹមស្មើជាមួយនគរបាលជាតិក្នុងការប្រកួតទី២របស់ខ្លួនក្នុងរដូវកាល២០២១នេះ ដោយលទ្ធផល១ទល់នឹង១។

ការប្រកួតវគ្គទី០១ ពុំមានក្រុមណាអាចរកគ្រាប់បាល់បញ្ចូលទីបានឡើយ ទោះវិសាខាហាក់មានឱកាសច្រើន។ ជាក់ស្ដែង នាទីទី០៣ ខ្សែប្រយុទ្ធកាណាដា Marcus Harber មានឱកាសមុខទី តែបែរជាទាត់ចំអ្នកចាំទីប៉ូលិស ប្រាក់ មុន្នីភារុណ ទៅវិញ។ ក្រុមនគរបាលជាតិបាននាំមុខម្ចាស់ផ្ទះមុនក្នុងនាទី៤៨ ដោយការទាត់បាល់១១ម៉ែត្រពីខ្សែបម្រើជប៉ុន Otani Soma បន្ទាប់ពីច្រឹង ពលរដ្ឋ របស់វិសាខាបង្កកំហុសលើខ្សែប្រយុទ្ធប៉ូលិស Baldwin Ngwa ក្នុងប្រអប់អ្នកចាំទី។ 

គ្រាប់តាមស្មើរបស់វិសាខាកើតឡើងក្នុងនាទី៦៤ ពេល Mustafa Zazai លើកបាល់ឲ្យ Marcus Harber ហើយខ្សែប្រយុទ្ធកាណាដារូបនេះបានតែតទម្លាក់ឲ្យ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ajayi Opeyemi Korede ដែលរង់ចាំទាត់បញ្ចូលទីរួចជាស្រេច។

នេះទើបតែជាការប្រកួតលើកទី២ប៉ុណ្ណោះសម្រាប់វិសាខា និងជាការទទួលបានលទ្ធផលស្មើទាំង២លើកផងដែរ គិតចាប់ពីពេលបើកឆាករដូវកាល២០២១ជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ សម្រាប់នគរបាលជាតិវិញ ទើបតែបានមួយពិន្ទុនេះទេ ក្រោយចាញ់ទាំង៣ប្រកួតដំបូង៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania