Pomroy ៖ យើងធ្វើការខ្លាំងអំឡុងសម្រាកកន្លងមក មិនថាស្ថានភាពបែបណាទេ

16 May 2021 09:08

649

Share :


មុនឈានមកកាន់ការប្រកួតក្របខណ្ឌ Metfone Cambodian League សាជាថ្មីក្រោយសម្រាកអំឡុងការបិទខ្ទប់ លោក Darren Pomroy គ្រូបង្គោលសូលទីឡូអង្គរ ឲ្យដឹងថា ទាំងក្រុមការងារគ្រូបង្វឹក និងកីឡាករ មិនបានសម្រាកទៅតាមពេលវេលាឡើយ ដោយម្នាក់ៗបានប្រឹងបំពេញការងារតាមដានការហ្វឹកហាត់ (សម្រាប់គ្រូ) និងហ្វឹកហាត់យ៉ាងខ្លាំង (សម្រាប់កីឡាករ)។ 

សម្រាប់ជំនួបជាមួយម្ចាស់ផ្ទះព្រៃវែងនៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែឧសភា នេះ គ្រូបង្វឹកជនជាតិអង់គ្លេសពិតជារីករាយ ហើយរំពឹងថា ក្រុមទាំង២ដែលសម្បូរដោយកីឡាករវ័យក្មេង នឹងសំរុកគ្នាខ្លាំង ដើម្បីរកគ្រាប់បាល់បញ្ចូលទី។

លោក Pomroy លម្អិត “៖ យើងមិនបានផ្អាកហាត់ទេ។ ទោះមានការបិទខ្ទប់ យើងនៅតែបានរៀបចំលំហាត់រក្សាកាយសម្បទា និងមានការប្រជុំបច្ចេកទេសតាម Zoom។ ក្រុមការងារគ្រូបង្វឹកយើងប្រឹងប្រែងខ្លាំងដើម្បីផ្ដល់នូវកម្មវិធីហ្វឹកហាត់ល្អៗសម្រាប់កីឡាករ ទោះក្នុងស្ថានភាពបែបណា។ សម្រាប់ការប្រកួតថ្ងៃនេះវិញ ខ្ញុំពិតជារីករាយដែលបានវិលត្រលប់ចូលសកម្មភាពជាថ្មី។ យើងសង្ឃឹមថា ក្រុមទាំង២នឹងប្រយុទ្ធខ្លាំង ហើយរកគ្រាប់បាល់បញ្ចូលទីគ្នា។”

ចំណែកលោក Thongchai Rungreangleas គ្រូបង្គោលព្រៃវែងអេហ្វស៊ី រំពឹងថា ការប្រកួតថ្ងៃនេះនឹងល្អមើលដោយសារខកខានសកម្មភាពមួយរយៈ ហើយអ្នកទស្សនានឹងរីករាយមិនខាន។ កន្លងមក ក្រុមលោកក៏បានហ្វឹកហាត់យ៉ាងពេញលេញជាមួយនឹងការការពារសុវត្ថិភាពពីជំងឺកូវីដ១៩។ លោកក៏បានផ្ដោតលើតាក់ទិច និងត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតជាមួយសូលទីឡូអង្គរ។

គួរដឹងដែរថា ព្រៃវែងអេហ្វស៊ីប្រកួតបាន២លើក ដោយស្មើ១ និងចាញ់១ មាន១ពិន្ទុ។ ចំណែកសូលទីឡូអង្គរ ក៏ប្រកួតបាន២លើកដូចគ្នា តែមិនទាន់ទទួលបានពិន្ទុនៅឡើយទេ ពោលគឺចាញ់ទាំង២ដង។ ជំនួបរវាងក្រុមទាំង២នឹងធ្វើឡើងនៅកីឡដ្ឋានខេត្តព្រៃវែង ម៉ោង៣និង៣០នាទីរសៀល ផ្សាយផ្ទាល់លើទំព័រ Facebook CNCC៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania