សាយ ពិសិដ្ឋ ៖ បានមួយពិន្ទុក៏ប្រសើរសម្រាប់យើង តែបើមិនរបូតឲ្យគេតាមស្មើកាន់តែពិសេស

20 May 2021 08:12

371

Share :


ប្រធានក្រុមនគរបាលជាតិ សាយ ពិសិដ្ឋ យល់ឃើញថា ការស្មើជាមួយវិសាខា ១ទល់នឹង១ ជាលទ្ធផលដ៏ល្អប្រសើរមួយ ព្រោះជាការប្រកួតក្រៅដីផង ហើយក៏ដឹងថា ក្រុមម្ចាស់ផ្ទះពិតជាត្រូវការជ័យជម្នះចាំបាច់។ យ៉ាងណា គេក៏ស្ដាយខ្លះដែរចំពោះការរបូតគ្រាប់បាល់ឲ្យក្រុមម្ចាស់ផ្ទះវាយបកតាមស្មើ។

ក្នុងការប្រកួត Metfone Cambodian League នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា នាកីឡដ្ឋាន Prince ក្រុមភ្ញៀវនគរបាលជាតិបាននាំមុខមុន ដោយការទាត់បាល់១១ម៉ែត្រពីខ្សែបម្រើជប៉ុន Otani Soma នាទី៤៨។ យ៉ាងណា ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ajayi Opeyemi Korede បានទាត់បញ្ចូលទីតាមស្មើបានសម្រេចក្នុងនាទី៦៤។ 

សាយ ពិសិដ្ឋ ថ្លែងក្រោយការប្រកួតបែបនេះ “៖ សម្រាប់លទ្ធផលថ្ងៃនេះ គិតថា វាលំបាកដែរ ព្រោះយើងលេងក្នុងផ្ទះគេ គេចង់ឈ្នះដែរ តែលទ្ធផលនេះគឺប្រសើរសម្រាប់យើង។ ប៉ុន្តែ វាមិនមែនលើសលប់ពេកទេ។ បើអត់មានមួយគ្រាប់ចុងក្រោយដែលគេ (ខាងវិសាខា) រកគ្រាប់បាល់បញ្ចូលទីនោះ វាពិតជាពិសេសថែមទៀតសម្រាប់យើង។ ការប្រកួតថ្ងៃនេះ ការលេងរបស់យើងល្អប្រសើរជាងមុន។ ការត្រលប់មកវិញ យើងបានផ្ដោតហ្វឹកហាត់លើកម្លាំងដើម្បីឲ្យមានកម្លាំងគ្រប់គ្រាន់។”

ជុំវិញការលេងរបស់មិត្តរួមក្រុម នួន បូរី និង អ៊ុល រ៉ាវី ដែលបានធូរស្បើយពីបញ្ហារបួសរៀងៗខ្លួននោះ សាយ ពិសិដ្ឋ មើលឃើញ អ្នកទាំង២អាចបំពេញការងារបានប្រសើរជាងមុន តែនៅស្ទើរកម្លាំងបន្តិច ព្រោះខកខានប្រកួតយូរដូចគ្នា។ ពិសិដ្ឋ សង្ឃឹមថា បូរី និងរ៉ាវី នឹងធ្វើបានកាន់តែប្រសើរនៅប្រកួតក្រោយៗទៀតដើម្បីជួយស្ដារក្រុមដែលជួបលទ្ធផលមិនសូវសមប្រកបកន្លងមក។

នគរបាលជាតិទើបតែទទួលបានពិន្ទុលើកដំបូងពីការស្មើជាមួយវិសាខា បន្ទាប់ពី៣ប្រកួតមុនសុទ្ធតែទទួលបរាជ័យ។ ចំណែកវិសាខាវិញមិនទាន់ទទួលបានជ័យជម្នះនៅឡើយទេ ដោយបានត្រឹមស្មើទាំង២ប្រកួតដំបូងរបស់ខ្លួន និងជាពិសេសលើដីខ្លួនឯងថែមទៀត៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania