វិសាខាជាក្រុមទី២រកគ្រាប់បាល់៧គ្រាប់ក្រៅដី ខណៈបឹងកេតរកបានពិន្ទុលើកដំបូង

27 May 2021 09:38

593

Share :


ជ័យជម្នះ០ទល់នឹង៧លើអគ្គិសនីកម្ពុជានៅថ្ងៃពុធ ទី២៦ ខែឧសភា មានន័យថា វិសាខាបានក្លាយជាក្រុមទី២ហើយក្នុងក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០១ដែលអាចរកគ្រាប់បាល់បញ្ចូលទីដល់ទៅ៧គ្រាប់ក្រៅដី។

ក្រុមទី១ គឺភ្នំពេញក្រោនដែលបានយកឈ្នះម្ចាស់ផ្ទះសូលទីឡូអង្គរ ១ទល់នឹ៧ ក្នុងសប្ដាហ៍ទី០១ នៃក្របខណ្ឌកំពូល ២០២១ កាលខែមីនា។

សម្រាប់គ្រាប់ទាំង៧របស់វិសាខា បើកឆាកដំបូងឡើយដោយការភ្លាត់ចូលទីខ្លួនឯងពីខ្សែការពារអគ្គិសនីកម្ពុជា ចិន វណ្ណៈ ក្នុងនាទីទី០៣ ដល់នាទីទី០៨ ខ្សែការពារវិសាខា កែន ច័ន្ទសុភ័ក្ត្រ ទាត់បញ្ចូលទីគ្រាប់ទី២ មុនរូបគេដដែលបន្ថែមគ្រាប់ទី៣ នាទី២១។ ចប់វគ្គទី០១ វិសាខានាំមុខអគ្គិសនីកម្ពុជា០ទល់នឹង៣។ 

លុះចូលដល់វគ្គទី២ Ajayi Opeyemi Korede ទាត់បកក្រោយបញ្ចូលទីនាទី៥២ មុនខ្សែប្រយុទ្ធជនជាតិនីហ្សេរីយ៉ាឆក់បាល់ពី ចិន វណ្ណៈ ទាត់បញ្ចូលទីគ្រាប់ទី៥ និងជាគ្រាប់ទី២របស់គេក្នុងការប្រកួត នាទី៦៥។

កែវ សុខផេង ដែលត្រូវបានប្ដូរចូលក្នុងវគ្គទី២ បានទាត់បញ្ចូលទី២គ្រាប់ជាប់ៗគ្នាតែម្ដងក្នុងនាទី៨៣ និង៨៤។ នេះក៏ជាជ័យជម្នះលើកទី២ជាប់ៗគ្នាសម្រាប់វិសាខា បន្ទាប់ពីយកឈ្នះព្រះខ័នរាជស្វាយរៀង កាលថ្ងៃសៅរ៍ ទី២២ ខែឧសភា ដោយឡែកនៅសៀមរាបឯណោះវិញ បឹងកេតរកបានពិន្ទុលើកដំបូងហើយ ក្រោយបរាជ័យ៣លើកដំបូងនៅ MCL រដូវកាលនេះ។ ក្រុមការពារតំណែងជើងឯកបានយកឈ្នះម្ចាស់ផ្ទះសូលទីឡូអង្គរ នៅកីឡដ្ឋាន SRU។ 

ឱ ភារុណ បានទាត់មួយជើងឆ្វេងឲ្យបឹងកេតនាំមុខតាំងពីនាទីទី០២ តែលទ្ធផល០ទល់នឹង១បានបន្តដល់ចប់វគ្គទី០១។ គ្រាប់ទី២របស់ក្រុមលោក គីម ភក្ដី កើតឡើងក្នុងនាទី៧៧ ដោយការតែតពីខ្សែប្រយុទ្ធ Marko Rajkovic និងជាគ្រាប់ដំបូងរបស់គេនៅបឹងកេត ដល់នាទី៨៤ សៀង ចន្ធា អូសបាល់កាត់កីឡាករសូលទីឡូអង្គរ៣-៤រូប ហើយទាត់បញ្ចូលទីគ្រាប់ទី៣យ៉ាងល្អ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania