ឈិន ឈឿន “៖ ពីមុនគេហៅស្តាតចាស់ៗ តែឥឡូវចាស់តែឈ្មោះទេ ព្រោះមានស្មៅថ្មីហើយ”

28 May 2021 13:06

2092

Share :


ខ្សែបម្រើសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ឈិន ឈឿន បានបង្ហាញអារម្មណ៍រីករាយដែលទីលានបាល់ទាត់នៃកីឡដ្ឋានកងយោធពលខេមរភូមិន្ទរបស់ក្រុមគេបានប្រែមុខមាត់ថ្មី ដោយមានស្មៅថ្មី គុណភាពល្អជាងមុន ធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ការហ្វឹកហាត់។

កីឡាករដែលផ្ដើមការលេងបាល់ទាត់នៅក្រុមហៅកាត់ “ទ័ព” តាំងពីតូចមកនោះសង្កត់ធ្ងន់ថា កីឡដ្ឋានកងយោធពលខេមរភូមិន្ទដែលតែងតែត្រូវបាននិយមហៅថា ស្តាតចាស់ ឥឡូនេះចាស់តែឈ្មោះប៉ុណ្ណោះ ព្រោះមានការកែលម្អដាក់ស្មៅថ្មី ស្រស់ស្អាតជាងមុន។

ឈិន ឈឿន រៀបរាប់បែបនេះ “៖ ឥឡូវតារាងសិប្បនិម្មិតបាន១០០ភាគរយហើយសម្រាប់មួយចំហៀង នៅមួយចំហៀងទៀត យើងអាចហាត់បាន។ សម្រាប់តារាងស្មៅធម្មជាតិអត់ទាន់១០០ភាគរយទេ។ ប៉ុន្តែយ៉ាងណា ខ្ញុំសប្បាយចិត្ត ព្រោះមានការគិតគូរពីថ្នាក់ដឹកនាំដែលពួកគាត់បានរៀបចំកែលម្អថ្មី និងបានគិតគូរដល់កីឡាករដើម្បីងាយស្រួលហ្វឹកហាត់ មានទំនុកចិត្ត មានអារម្មណ៍ល្អសម្រាប់ការត្រៀមខ្លួនបន្តទៀត។ ពួកយើងសប្បាយចិត្តមែនទែន។ កាលមុន គេហៅតែស្តាតចាស់ៗ តែឥឡូវចាស់តែឈ្មោះទេ ព្រោះស្មៅទីលាន គឺថ្មីហើយ។” 

កីឡាករធ្លាប់ជាប់ជម្រើសជាតិកម្ពុជាច្រើនកម្រិតអាយុដដែលបន្ថែមថា សមាជិកក្រុមឯទៀតក៏បានយកចិត្តទុកដាក់កាន់តែខ្ពស់ថែមទៀតចំពោះការហ្វឹកហាត់ ខុសកាលពីមុនដែលមានការលំបាកខ្លះៗ។ 

ឈិន ឈឿន ដែលបានចំណាយពេលមួយរដូវកាល២០២០នៅព្រះខ័នរាជស្វាយរៀងលម្អិត “៖ កាលពីមុន បើហាត់ម៉ោង៣កន្លះអ៊ីចឹង ម៉ោង៣កន្លះទើបមកជុំគ្នា តែឥឡូវមកមុនៗម៉ោងរហូត ព្រោះតារាងស្រួលហាត់ជាងមុន។ បើទីលានមិនសូវល្អ ក៏វាពិបាកដែរ តែឥឡូវងាយស្រួលក្នុងការហ្វឹកហាត់បច្ចេកទេស។ ឥឡូវយើងហាត់លើតារាងសិប្បនិម្មិតហ្នឹង យើងហាត់លើបច្ចេកទេសផ្ទាល់ខ្លួនសិន។ អ៊ីចឹងពេលតារាងធម្មជាតិធ្វើហើយ១០០ភាគរយ យើងនឹងកាន់តែស្រួលហាត់លើតាក់តិចក្រុម។ កាលមុនតារាងយើងស្អាតដែរ តែគ្រលុកខ្លះៗ តែឥឡូវលែងអីហើយ។ សម្រាប់កីឡាករដែលចង់ហាត់ខ្លួនឯង ក៏កាន់តែងាយស្រួល។ ខ្ញុំពិតជាអរគុណដល់ថ្នាក់ដឹកនាំដែលបានជួសជុលកែលម្អឲ្យបានកាន់តែស្អាត និងមានគុណភាពល្អ។”

គួរដឹងដែរថា ថ្នាក់ដឹកនាំសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានសម្រេចជួសជុលកែលម្អទីលានបាល់ទាត់កីឡដ្ឋានរបស់ខ្លួន ដោយឈូសឆាយដាំស្មៅធម្មជាតិថ្មី កែលម្អប្រព័ន្ធបង្ហូរ និងស្រោចទឹក ព្រមទាំងក្រាលស្មៅសិប្បនិម្មិតក្រោយបង្គោលទីទាំងសងខាង។ ចំពោះស្មៅធម្មជាតិលើទីលានធំ ឈិន ឈឿន ប្រាប់ថា បានលូតលាស់ចន្លោះ៨០ទៅ៩០ភាគរយហើយ តែមិនទាន់អាចចូលហ្វឹកហាត់នៅឡើយទេ។

បើតាមគម្រោង ថ្នាក់ដឹកនាំគ្រោងនឹងជួសជុលទាំងស្រុងនូវវេទិការ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត៕

អត្ថបទ៖ CNCC 
ប្រភពរូប TIFFY ARMY Football Club-សមាគមកីឡាបាល់ទាត់ ខ ភ ម

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania