រឿងពិតមួយពីខ្សែប្រយុទ្ធវ័យក្មេង ឃៀង ម៉េងហួរ

30 May 2021 13:28

1227

Share :


មុនក្លាយជាកីឡាករមួយរូបប្រចាំក្រុមធំព្រះខ័នរាជស្វាយរៀង ខ្សែប្រយុទ្ធវ័យក្មេង ឃៀង ម៉េងហួរ រំឭកថា កាលឆ្នាំ២០១៦ គេធ្លាប់ចូលហ្វឹកហាត់ក្នុងក្រុមអាយុក្រោម១៩ឆ្នាំរបស់ក្លិបដដែលនេះម្ដងដែរ តែត្រូវបានជម្រុះចេញវិញ ព្រោះគ្រូបង្វឹកយុវជននាពេលនោះគិតថា មិនទាន់មានសមត្ថភាពគ្រប់គ្រាន់។

ការចូលរួមរយៈពេលត្រឹម២ខែនាពេលនោះបានបន្សល់ត្រឹមភាពខកចិត្តសម្រាប់យុវជនវ័យ២១ឆ្នាំរូបនេះ។ យ៉ាងណា គេនៅតែបន្តការលេងបាល់ទាត់ដែលជាកីឡាគេចូលចិត្តបំផុត ដោយចូលរួមជាមួយក្រុមស្ម័គ្រចិត្តនានាប្រកួតលក្ខណៈមិត្តភាព និងពានរង្វាន់ក្រៅផ្លូវការយ៉ាងច្រើន។ ម៉េងហួរ បន្តថា បន្ទាប់ពីដើរលេងតាមក្រុមស្ម័គ្រចិត្តនានា គេក៏បានចូលហ្វឹកហាត់សាកល្បងក្នុងក្រុមធំព្រះខ័នរាជស្វាយរៀងឆ្នាំ២០១៧ ដោយសារមានការណែនាំពីម្ចាស់តារាងដែលគេនិយមទៅលេង ដល់អតីតគ្រូបង្គោល សំ វ៉ាន់ដេត។ 

ឃៀង ម៉េងហួរ រំឭកបែបនេះ “៖ កាលពាក់កណ្ដាលឆ្នាំ២០១៦ ខ្ញុំទៅហាត់នៅក្រុម U19 ព្រះខ័នរាជស្វាយរៀងបាន២ខែដែរ តែក៏ត្រូវបានជម្រុះចេញវិញ ព្រោះគ្រូថា មិនទាន់មានសមត្ថភាពគ្រប់គ្រាន់។ ក្រោយចេញពីហ្នុង ខ្ញុំបន្តដើរលេងតាមក្រុមបាយបាន លេងពានផ្សេងៗអ៊ីចឹងទៅ។ ដល់ឆ្នាំ២០១៧ បងម្ចាស់តារាងបានឃើញពីសមត្ថភាពខ្ញុំ ក៏បានណែនាំទៅលោកគ្រូ សំ វ៉ាន់ដេត កាលហ្នុងជាគ្រូធំព្រះខ័នរាជស្វាយរៀង ឲ្យខ្ញុំទៅហាត់នៅទីនោះ ព្រោះពួកគាត់ជិតដិតគ្នា។ គាត់ក៏ផ្ញើខ្ញុំទៅហាត់នៅព្រះខ័នរាជស្វាយរៀង។ បានមួយខែក៏គ្រូ សំ វ៉ាន់ដេត មានទំនុកចិត្តលើខ្ញុំ និងផ្ដល់កុងត្រាដល់ខ្ញុំ តាំងពី២០១៧រហូតដល់សព្វថ្ងៃ។”

កីឡាករធ្លាប់ជាប់ជម្រើសជាតិតាំងពី U17 ដល់ក្រុមធំបន្ថែមថា ម្ដាយរបស់គេមិនពេញចិត្តទេពេលចូលហ្វឹកហាត់ដំបូងៗនៅព្រះខ័នរាជស្វាយរៀង តែក៏សម្របតាមវិញ ក្រោយទទួលបានកិច្ចសន្យាអាជីព។

យុវជនមានកម្ពស់១ម៉ែត្រ៦៩ទទួលស្គាល់ថា ទីតាំងប្រយុទ្ធក្នុងក្រុមបច្ចុប្បន្នពិតជាប្រកួតប្រជែងខ្ពស់ ព្រោះមានកីឡាករបរទេសល្អៗច្រើន ហើយវ័យរបស់គេក៏នៅក្មេងដែលទាមទារការដុសខាត់សមត្ថភាព និងបទពិសោធច្រើនថែមទៀត៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania