គ្រូបង្វឹកបឹងកេត ប្រាប់ផែនការហ្វឹកហាត់អំឡុងពេលលីគសម្រាក
07 Sep 2019 10:45 745

ក្នុងឱកាស Metfone Cambodian League 2019 សម្រាកដល់ទៅជាង២សប្ដាហ៍ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការហ្វឹកហាត់ និងប្រកួតវគ្គជម្រុះ FIFA World Cup របស់ក្រុមជម្រើសជាតិកម្ពុជា លោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេតបង្ហើបថា ក្លិបបានយក​ឱកាសនេះ ជាពេលវេលាដ៏ល្អសម្រាប់ពង្រឹងក្រុមបន្ថែម ពិសេសព្យាយាមស្វែងយល់ពីកំហុសកន្លកមក ដើម្បីកែប្រែឲ្យកាន់តែប្រសើរឡើង។

«ការពិតទោះលីគសម្រាកមែន តែយើងមានការហ្វឹកហាត់ជារៀងរាល់ថ្ងៃ  ហើយយើងមានរៀបចំការប្រកួតមិត្តភាពមួយប្រកួត ជាមូយក្រុមយុវជន U18 របស់យើងទៀតផង។ ចំណែកការហ្វឹកហាត់ក្នុងឱកាសសម្រាកប្រមូលផ្ដុំជម្រើសជាតិនេះ ពួកយើងផ្ដោតលើបច្ចេកទេសរក្សាកម្លាំង ហើយក៏មានការកែសម្រួលកលលិ្បចក្រុមមួយចំនួន ពិសេសយើងព្យាយាមកែកំហុសទាំងប៉ុន្មានដែលយើងបានធ្វើក្នុងពេលកន្លងមក»។

គ្រូបង្វឹកដដែលបានឲ្យដឹងទៀតថា បើទោះក្រុមអស់ឱកាសប្រជែងជើងឯកលីគកំពូលក្ដី ប៉ុន្តែកីឡាករនៅតែផ្ដោតលើការអភិវឌ្ឍសមត្ថភាព ព្រោះនៅសល់បេសកកម្មចម្បងមួយទៀត គឺពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទល់នឹងវិសាខា នាថ្ងៃទី១៨ កញ្ញាខាងមុខ។

គួររំឭកថា មុនសម្រាកទុកឱកាសឲ្យក្រុមជម្រើសជាតិ បឹងកេត បានបញ្ចប់ការប្រកួត Metfone Cambodian League 2019 សប្ដាហ៍ទី ២១ របស់ខ្លួន ដោយរងបរាជ័យក្រោមថ្វីជើងស្វាយរៀង ខណៈក្នុងពានសម្ដេចតេជោជើងទី ២ ពួកគេចាញ់ សូលទីឡូ ០-១ តែបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយឈ្នះគ្រាប់បាល់សរុប ២-១៕

 

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania