League Cup នឹងចាប់ផ្ដើមដើមខែក្រោយដើម្បីបង្កើនសមត្ថភាពដល់កីឡាករស្របពេល បឹងកេត និងវិសាខា ត្រូវប្រកួតលើឆាកអន្តរជាតិ

31 May 2021 12:47

570

Share :


ពានរង្វាន់ League Cup 2021 គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ខែមិថុនា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ដែលមានក្លិបលីគអាជីពចំនួន៨ ចូលរួមប្រកួតប្រជែងដើម្បីអភិវឌ្ឍសមត្ថភាពកីឡាករ និង រក្សាចង្វាក់លេងរបស់ក្លិបនីមួយឲ្យប្រសើរឡើង។ 

ការបង្កើតពានរង្វាន់នេះឡើងបន្ទាប់ពីក្រុមជម្រើសជាតិត្រូវប្រមូលផ្តុំកីឡាករហ្វឹកហាត់ និងធ្វើដំណើរទៅប្រទេសបារ៉ែនដើម្បីចូលរួមការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) ចំនួន៣ប្រកួតនៅសេសសល់ ក៏ដូចជាជាទុកពេលវេលាដល់ក្លិបបាល់ទាត់បឹងកេត និងវិសាខា ដែលត្រូវតំណាងឲ្យជាតិទៅចូលរួមការប្រកួតពានរង្វាន់ AFC Cup វគ្គចែកពូល និងវគ្គ Playoff នាខែ មិថុនាខាងមុខផងដែរ។ 

ការចេញទៅប្រកួតលើឆាកអន្តរជាតិទាំងនេះនាំឲ្យមិនមានសកម្មភាពប្រកួតមិត្តហ្វូនខេមបូឌានលីគ រដូវកាល២០២១ ប្រមាណរយៈពេល១ខែពេញ។ 

ស្របពេលជាមួយគ្នានេះ  តាមរយៈការប្រជុំដែលដឹកនាំដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ជាមួយក្លិបបាល់ទាត់អាជីព អំពីបច្ចុប្បន្នភាព និងស្ថានភាពរបស់ក្លិបអំឡុងពេលកូវីដ-១៩  គេមើលឃើញថា ក្លិបត្រូវសម្រាកពីការប្រកួតប្រមាណពេញមួយខែ ។ ដោយផ្អែកលើហេតុផលនេះ CNCC និងក្លិបបាល់ទាត់បានឯកភាពគ្នារៀបចំឱ្យមានកម្មវិធីប្រកួតពានរង្វាន់ លីគខាប់ (CNCC League Cup 2021) ក្នុងគោលបំណងដើម្បីរក្សាសមត្ថភាព និងបច្ចេកទេសរបស់កីឡាករម្នាក់ៗ និងក្រុមទាំងមូល ចៀសវាងទុកឱ្យកីឡាករសម្រាកដោយគ្មានការប្រកួតនាំឲ្យធ្លាក់សមត្ថភាព។  

ម្យ៉ាងទៀត វានឹងផ្ដល់ភាពចំណេញដល់ដៃគូសហការឧបត្ថម្ភរបស់ក្លិបនីមួយៗ រួមទាំងការបម្រើអារម្មណ៍ទស្សនិកជន និងអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ទាំងអស់ដែលពួកគេអាចទស្សនាការប្រកួតនៅតាមគេហដ្ឋានបាន។ 

ក្លិបទាំង ៨ ដែលចូលរួមពានរង្វាន់ខាងលើដូចជា ភ្នំពេញក្រោន, បឹងកេត, វិសាខា, កងយោធពលខេមរភូមិន្ទ, ព្រះខ័នរាជស្វាយរៀង, ព្រៃវែង, យុវជនបាទី និង អាយ អេស អាយ ដង្កោសែនជ័យ៕  

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania