លោក ខូវ ឆាយ បញ្ជាក់ពីតួនាទីអ្នកចាត់ការក្រុមរបស់លោក Lee Taehoon នៅ Tiffy Army

01 Jun 2021 16:23

1379

Share :


ក្នុងនាមជាអ្នកចាត់ការក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ លោក Lee Taehoon នឹងរ៉ាប់រងការងារបច្ចេកទេសទាំងស្រុង ទាំងការហ្វឹកហាត់ ការជ្រើសរើសកីឡាករ និងការប្រកួត។ នេះបើតាមការលម្អិតពីលោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ 

លោក ខូវ ឆាយ ពន្យល់បែបនេះ “៖ ដោយសារតែយើងមានលោកគ្រូ ហោ សុខហេង ជាគ្រូបង្គោល បន្ទាប់មកយើងមានអ្នកចាត់ការក្រុម។ សម្រាប់តួនាទីជាអ្នកចាត់ការក្រុមនេះ គឺទទួលបន្ទុករៀបចំបច្ចេកទេសទាំងស្រុង ទាំងការហ្វឹកហាត់ ការជ្រើសរើសកីឡាករ ការដឹកនាំក្រុមក្នុងការប្រកួតទាំងស្រុងតែម្ដង គ្រប់គ្រងនៅលើក្រុមការងារគ្រូបង្វឹកថែមទៀត។”

ពាក់ព័ន្ធសុពលភាពកិច្ចសន្យាជាមួយលោក Lee Taehoon វិញ លោក ខូវ ឆាយ ប្រាប់ថា មានរយៈពេល២ឆ្នាំ។ យ៉ាងណា លោកថា ការធ្វើការរួមគ្នានឹងមានរយៈពេលយូរអង្វែងជាងនេះក្នុងទិសដៅអភិវឌ្ឍក្រុមកាន់តែប្រសើរ ដែលច្បាស់ណាស់ គឺត្រូវការពេលវេលាវែងដើម្បីសម្រេចផែនការ។

លោក ខូវ ឆាយ សង្កត់ធ្ងន់បន្ថែមថា មូលហេតុឈានទៅតែងតាំងលោក Lee Taehoon ជាអ្នកចាត់ការក្រុម ព្រោះបុរសជនជាតិកូរ៉េខាងត្បូងរូបនេះមានបទពិសោធច្រើន និងធ្លាប់មានស្នាដៃក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលលោកធ្លាប់រ៉ាប់រងជាគ្រូបង្គោល២លើក គឺពីឆ្នាំ២០១០ ដល់២០១២ និង២០១៣ ដល់ដើម២០១៧។

គួរដឹងដែរថា លោក Lee Taehoon ក៏បានធ្វើជាគ្រូជំនួយជម្រើសជាតិវៀតណាមចុងឆ្នាំ២០១៨ និងជាគ្រូបង្គោលក្លិបលីគកំពូលវៀតណាម Hoang Anh Gia Lai ពីឆ្នាំ២០១៩ដល់២០២០៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania