នុប តុលា និយាយពីការប្រកួតប្រជែងនៅណាហ្គាវើលដ៍

02 Jun 2021 14:28

894

Share :


ការប្រកួតប្រជែងក្នុងក្លិបណហា្គវើលដ៍ពិតជាខ្លាំង ទោះរៀមច្បងមួយចំនួនមានវ័យជ្រេទៅហើយក្ដី ក៏ពួកគេនៅមានសមត្ថភាពខ្ពស់។ នេះបើតាមការមើលឃើញពី នុប តុលា ដែលជាសមាជិកថ្មីណាហ្គាវើលដ៍រដូវកាល២០២១។

កីឡាករផ្លាស់ព្រះខ័នរាជស្វាយរៀងបង្ហាញការមើលឃើញលម្អិតបែបនេះ “៖កីឡាករមួយចំនួននៅណាហ្គាវ័យរាងជ្រេមែន តែមានការប្រកួតប្រជែងខ្ពស់ ដើម្បីតំណែង១១នាក់ដំបូង អ៊ីចឹងខ្ញុំក៏ត្រូវការប្រកួតប្រជែងជាមួយពួកគាត់ដែរ។ ពួកគាត់សុទ្ធតែមានបទពិសោធច្រើនលើទីលាន។ ភាគច្រើនពួកគាត់ជាកីឡាករចាស់នៅទីនោះយូរ អ៊ីចឹងឆាប់យល់ពីអ្វីដែលគ្រូចង់បាន។ ម្យ៉ាង ខ្ញុំប្ដូរពីការលេងប្រយុទ្ធទៅការពារក្រោម អ៊ីចឹងការពារកណ្ដាល និងការពារស្លាប មានអ្នកលេងច្រើន ធ្វើឲ្យខ្ញុំត្រូវប្រកួតប្រជែងខ្លាំងដែរ។”

ក្នុងចំណោម៤ប្រកួតនៅ Metfone Cambodian League 2021 របស់ណាហ្គាវើលដ៍ នុប តុលា បង្ហាញខ្លួនពេញម៉ោងក្នុងជំនួបអគ្គិសនីកម្ពុជា និងប្ដូរចូលពេលប៉ះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ គេថា មានឧបសគ្គក្នុងការក្ដោបកៅអី១១នាក់ ដោយសារតែកាយសម្បទាមិនទាន់មានស្ថានភាពពេញ១០០ភាគរយ ព្រោះមិនសូវបានចូលលេងទៀងទាត់។ ចំណែកការប្រកួតប្រជែងក៏ច្រើនដែលមានទាំងកីឡាករបរទេស និងរៀមច្បងមួយចំនួនទៀតសុទ្ធតែមានកម្ពស់ជាងគេ។ ការធ្លាក់ចុះកម្លាំងក៏ជាបញ្ហា ដោយសារតែមិនសូវបានលេង។

យ៉ាងណា តុលា អះអាងថា នៅតែបន្តការហ្វឹកហាត់ខ្លាំងរៀងរាល់ថ្ងៃ ហើយក៏មានការហូបចុក និងសម្រាកយ៉ាងត្រឹមត្រូវដែរ ដើម្បីអាចប្រមូលកម្លាំងបានពេញលេញឈានទៅយកឱកាសចូលលេងលើទីលានបានច្រើន។ ពេលខ្លះគេក៏ហ្វឹកហាត់ដោយខ្លួនឯងបន្ថែមពេលនៅផ្ទះ ឬពេលសម្រាកពុំមានការហ្វឹកហាត់ជាក្រុម និងការប្រកួត។ 

គួរដឹងដែរថា នុប តុលា ដែលលេងនៅព្រះខ័នរាជស្វាយរៀងតាំងពីក្រុមថ្នាលរហូតដល់ក្រុមធំ បានផ្លាស់ទៅណហា្គវើលដ៍ដើមរដូវកាល២០២១នេះ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania