អ៊ុំ សេរីរ័ត្ន វិលចូលទីលានហ្វឹកហាត់លើកដំបូងក្រោយខកខាន៤ខែ

04 Jun 2021 11:38

213

Share :


អ្នកចាំទីសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ អ៊ុំ សេរីរ័ត្ន ដែលមានបញ្ហារបួសជង្គង់តាំងពីខែមករា ឆ្នាំ២០២១ មកនោះ បានចូលហ្វឹកហាត់ជាមួយសមាជិកក្រុមឯទៀតវិញហើយ រយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ។

ប្អូនប្រុសកីឡាករ អ៊ុំ វិចិត្រ ប្រាប់ថា ការហ្វឹកហាត់នេះគឺធ្វើឡើងក្នុងគោលបំណងរក្សាសាច់ដុំប៉ុណ្ណោះ មិនមែនត្រៀមប្រកួតវិញឡើយ ដោយសាររបួសជង្គង់មិនទាន់ធូរស្បើយ។ ពេលនេះគេកំពុងរង់ចាំការបើកព្រំដែនឡើងវិញដើម្បីអាចទៅវះកាត់ ឲ្យបានឆាប់ជាស្រលះតែម្ដង។ 

អ៊ុំ សេរីរ័ត្ន បញ្ជាក់បែបនេះ “៖បាទ ខ្ញុំមកហាត់វិញហើយ តែគ្រាន់ជាលក្ខណៈរក្សាសាច់ដុំទេ មិនមែនហាត់ត្រៀមប្រកួតទេ។ ទើបមួយអាទិត្យជាងហ្នឹង ខ្ញុំបានហាត់តិចៗជាមួយគេ ហាត់ខ្លាំងអត់បានទេ ព្រោះនៅតែឈឺ។ តាំងពីសម្រាកមក ៤ខែហើយ ពេលចូលហាត់វិញនៅតែខ្សោយ នៅតែឈឺជង្គង់ដូចមុនអ៊ីចឹង។ យើងអាចរត់បានត្រឹម៥០ភាគរយ អត់អាចលើសហ្នឹងបាន។ ខ្ញុំហាត់ជាមួយគេរាល់ថ្ងៃហ្នឹង។”

ដោយសារតែបញ្ហារបួសញឹកញាប់ពេក អ៊ុំ សេរីរ័ត្ន ធ្លាប់ប្រកាសពីផ្អាកពីបាល់ទាត់កាលពី៣ខែមុន។ គេថាមិនមែនជាការបញ្ចប់អាជីពទាំងស្រុងឡើយ ពោលប្រសិនបើរបួសរបស់គេបានស្បើយ១០០ភាគរយវិញ នោះនឹងចូលលេងសាជាថ្មីទៀត។

គួរដឹងដែរថា អ៊ុំ សេរីរ័ត្ន មានបញ្ហារបួសជង្គង់កាលខែមករា ឆ្នាំ២០២១ អំឡុងការប្រកួតពានរង្វាន់មិត្តភាពមួយនៅខេត្តសៀមរាប។ កាលពីឆ្នាំ២០១៨ និង២០១៩ គេក៏មានបញ្ហាដូចគ្នានេះដែរធ្វើឲ្យអាក់ខានការប្រកួតរយៈពេលវែង។

អត្ថបទ៖ CNCC 
ប្រភពរូប TIFFY ARMY Football Club-សមាគមកីឡាបាល់ទាត់ ខ ភ ម

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania